ព្រះត្រៃបិដក ភាគ ៦៣
បពិត្រព្រះទេវៈ ខ្ញុំម្ចាស់មិនឃើញ (បុត្រទាំងពីរ) របស់យើងសោះ ខ្ញុំម្ចាស់មិនដឹងជា (អ្នកណា) នាំយកបុត្រទាំងនោះទៅ ម្នាលភិក្ខុទាំងឡាយ នាងមទ្រីត្រាច់ទៅក្រោមម្លប់ឈើ និងភ្នំ និងគុហា។ នាងមទ្រីមានកំពស់ និងទំហំដ៏ប្រសើរ ជារាជបុត្រីមានយស ក៏ផ្គងដើមដៃទាំងពីរ កន្ទក់កន្ទេញយ៉ាងនេះហើយ ក៏ដួលទៅលើផែនដីក្នុងទីនោះ។
[៣៦៥] ព្រះបាទវេស្សន្តរ ទ្រង់ស្រោចស្រពព្រះរាជបុត្រីនោះ ដែលបានមកដល់សំណាក់ព្រះអង្គ បន្ទាប់អំពីនោះមក ព្រះអង្គជ្រាបព្រះរាជបុត្រីនោះ ដែលស្រួលចិត្តហើយ ទើបបានត្រាស់នឹងព្រះរាជបុត្រីនោះ យ៉ាងនេះថា ហៃនាងមទ្រី អញមិនចង់ប្រាប់សេចក្តីទុក្ខ ដល់នាងអំពីដំបូងទេ មានព្រាហ្មណ៍ចាស់កំសត់ជាស្មូម បានមកកាន់លំនៅ។ ហៃនាងមទ្រី អញបានឲ្យបុត្រទាំងពីរ ដល់ព្រាហ្មណ៍នោះហើយ នាងកុំភិតភ័យអ្វី នាងចូរស្រួលចិត្តចុះ ហៃនាងមទ្រី នាងចូរមើលមកអញ កុំមើលបុត្រទាំងពីរ កុំខ្សឹកខ្សួលខ្លាំងឡើយ កាលបើយើងរស់នៅ បានសុខសប្បាយ ក៏គង់បាន (ចួបប្រទះ) នឹងបុត្រវិញ។ សប្បុរសបានឃើញពួកស្មូមមកហើយ គប្បីឲ្យកូន សត្វចិញ្ចឹម ធញ្ញជាតិ និងទ្រព្យដទៃដែលមានក្នុងផ្ទះជាទាន ហៃនាងមទ្រី នាងចូររីករាយតាមនូវអំណោយបុត្រដ៏ឧត្តមរបស់អញ។
ID: 637344895206851240
ទៅកាន់ទំព័រ៖