ព្រះត្រៃបិដក ភាគ ៦៣

ក៏​បណ្តា​បាបកម្ម​ទាំងឡាយ បរទារកកម្ម​ណា​ ដែល​ខ្ញុំម្ចាស់​បាន​ធ្វើ​ហើយ​ ក្នុង​ដែន​មគធៈ ផល​ (នៃ​បរទារកកម្ម​) នោះ ផ្តល់​ក្នុង​កាល​ជា​ខាងក្រោយ​ ដូច​បុគ្គល​អ្នក​បរិភោគភោជន ដែល​លាយ​ដោយ​ពិស​ដ៏​កាច​ដូច្នោះ។ បពិត្រ​ព្រះបាទ​វិទេហៈ ខ្ញុំម្ចាស់​ច្យុត​ចាក​ត្រកូល​សេដ្ឋី​នោះ​មក ក៏​ឆេះ​ក្នុង​រោ​រុ​ពន​រក​អស់កាលដ៏យូរ​ ដោយ​កម្ម​របស់​ខ្លួន ខ្ញុំម្ចាស់​កាល​រឭក​ឃើញ​ទុក្ខ​ក្នុង​នរក​នោះ​ រមែង​មិនបាន​សេចក្តី​សុខ។ ខ្ញុំម្ចាស់​ញ៉ាំង​សេចក្តី​ទុក្ខ​ដ៏​ច្រើន​ឲ្យអស់​ទៅ​ក្នុង​រោ​រុ​ពន​រក​នោះ​ អស់​ពួក​នៃ​ឆ្នាំ​ដ៏​ច្រើន បាន​មក​កើតជា​ពពែ គេ​ក្រៀវ​អណ្ឌៈ ក្នុង​ក្រុង​ភិ​ន្នា​គតៈ។
 [៣១​] ខ្ញុំម្ចាស់​បាន​នាំ​ពួក​កូន​អាមាត្យ​ដោយ​ខ្នង​ផង​ ដោយ​រថ​ផង​ (ការ​ឆេះ​ក្នុង​រោ​រុ​ពន​រក​ជាដើម​នោះ​) ជា​ផលកម្ម​ គឺ​ការ​គប់​រកប្រពន្ធ​បុគ្គល​ដទៃ​នៃ​ខ្ញុំម្ចាស់​នោះ។ បពិត្រ​ព្រះបាទ​វិទេហៈ ខ្ញុំម្ចាស់​ច្យុត​ចាក​អត្តភាព​នោះ​ហើយ ក៏​កើតជា​ស្វា​ក្នុង​ព្រៃធំ​ ត្រូវ​ស្វា​ជា​ម្ចាស់​ហ្វូង ជា​សត្វ​ឃ្នើសឃ្នង ខាំ​កាត់ពូជ​ចេញ នេះ​ជា​ផលកម្ម​ គឺ​ការ​គប់​រកប្រពន្ធ​បុគ្គល​ដទៃ​នៃ​ខ្ញុំម្ចាស់​នោះ។ បពិត្រ​ព្រះបាទ​វិទេហៈ​ ខ្ញុំម្ចាស់​ច្យុត​ចាក​អត្តភាព​នោះ​ហើយ បាន​កើតជា​គោ​ក្នុង​ដែន​ទស​ន្នៈ ជា​គោ​ដ៏​ចំរើន​ មានសន្ទុះ​លឿន ត្រូវ​គេ​ក្រៀវ ខ្ញុំម្ចាស់​បាន​អូស​រទេះ​អស់កាលដ៏យូរ នេះ​ជា​ផលកម្ម​ គឺ​ការ​គប់​រកប្រពន្ធ​អ្នកដទៃ​នៃ​ខ្ញុំម្ចាស់​នោះ។
ថយ | ទំព័រទី ១៩ | បន្ទាប់
ID: 637344775176777896
ទៅកាន់ទំព័រ៖