ព្រះត្រៃបិដក ភាគ ៦៣
ព្រះនាងមទ្រី មិនមានមុខក្រញូវ មិនអៀន មិនយំ ព្រះនាងស្ងៀម សំឡឹង (ព្រះភក្រ្ត) របស់ព្រះបាទវេស្សន្តរនោះ (ដោយគិតថា) ព្រះរាជានេះ ជ្រាបហេតុដ៏ប្រសើរ។
[៣៧៥] តថាគត កាលដែលលះរាជបុត្រាឈ្មោះជាលី រាជធីតាឈ្មោះកណ្ហាជិនា និងនាងទេវីឈ្មោះមទ្រី ដែលមានវត័ដ៏ល្អក្នុងប្តី មិនគិត (ស្តាយ) ព្រោះហេតុតែពោធិញ្ញាណដោយពិត។ បុត្រទាំងពីរ មិនមែនជាទីស្អប់របស់តថាគតទេ នាងទេវីឈ្មោះមទ្រី មិនមែនមិនជាទីស្រឡាញ់របស់តថាគតទេ សព្វញ្ញុតញ្ញាណ ជាទីស្រឡាញ់របស់តថាគត ព្រោះហេតុនោះ បានជាតថាគតឲ្យជនទាំង ៣ នាក់ ជាទីស្រឡាញ់ (ដល់ព្រាហ្មណ៍)។
[៣៧៦] (ព្រះនាងមទ្រី…) ខ្ញុំម្ចាស់ជាភរិយារបស់ព្រះអង្គអំពីក្មេង ព្រះអង្គជាស្វាមី ជាឥស្សរៈរបស់ខ្ញុំម្ចាស់ស្រាប់ហើយ ចង់ឲ្យខ្ញុំម្ចាស់ដល់អ្នកណា គប្បីឲ្យដល់អ្នកនោះចុះ ចង់លក់ ឬចង់សំឡាប់ (ក៏បាន)។
[៣៧៧] (អភិសម្ពុទ្ធគាថា) ព្រះឥន្រ្ទជាធំជាងទេវតា ជ្រាបសេចក្តីត្រិះរិះរបស់ជនទាំងនោះហើយ ក៏បានពោលដូច្នេះថា ពួកសត្រូវទាំងអស់ ដែលឃាត់នូវទិព្វសម្បត្តិ និងមនុស្សសម្បត្តិ ព្រះអង្គក៏បានឈ្នះហើយ ព្រះអង្គបានញ៉ាំងផែនដីឲ្យខ្ទរខ្ទារ កិត្តិសព្ទរបស់ព្រះអង្គផ្សាយទៅដល់ទេវលោក
ID: 637344896923729213
ទៅកាន់ទំព័រ៖