ព្រះត្រៃបិដក ភាគ ៦៣

វត្ថុ​ទាំងពីរ គឺ​ទឹកដោះស្រស់​មួយ ស័ង្ខ​មួយ មាន​សម្បុរ​ស្មើគ្នា​ យ៉ាងណាមិញ ព្រះអង្គ និង​នាង​មទ្រី មាន​ព្រះ​ហ្ឫ​ទ័យ​ស្មើគ្នា​ ក៏​យ៉ាងនោះ​ដែរ។ ព្រះអង្គ​ទាំងពីរ ជា​ក្សត្រិយ៍​បរិបូណ៌​ដោយ​គោត្រ មាន​ព្រះ​ជាតិ​ល្អ​ខាង​មាតា​ និង​បិតា ត្រូវ​គេ​និរទេស មក​គង់នៅ​ក្នុង​អាស្រម នា​ព្រៃ​នេះ ព្រះអង្គ​គប្បី​ធ្វើបុណ្យ ឲ្យ​ទាន​តាម​សម​គួ​រតៗ​ទៅ។
 [៣៧៩​] ខ្ញុំ​ជាទេ​វិន្ទ​ ឈ្មោះ​សក្កៈ​ បាន​មក​ក្នុង​សំណាក់​ព្រះអង្គ បពិត្រ​ព្រះរាជា​ ជា​ឥសី សូម​ព្រះអង្គ​ទទួលយក​ពរ​ចុះ ខ្ញុំ​សូម​ថ្វាយ​ពរ ៨ យ៉ាង ចំពោះ​ព្រះអង្គ។
 [៣៨០​] (ព្រះពោធិសត្វ​…) បពិត្រ​សក្កៈ​ជាធំ​ជាង​ទេព្តា​ទាំងពួង​ បើ​ព្រះអង្គ​នឹង​ប្រទាន​ពរ​ដល់​ខ្ញុំ​ (ខ្ញុំ​) សូម​ព្រះបិតា​ស្រុះស្រួល​ទទួល​ខ្ញុំ​ដែល​ទៅ​អំពី​ព្រៃ​នេះ​ ដល់​ដំណាក់​របស់​ខ្លួន សូម​អញ្ជើញ​ខ្ញុំ​ដោយ​អាសនៈ​ (រាជសម្បត្តិ​) ខ្ញុំ​សូមពរ​ទី​ ១ នេះ។ ខ្ញុំ​សូម​មិន​ចូលចិត្ត​នឹង​ការ​សំឡាប់​បុរស ខ្ញុំ​សូម​ដោះ​អំពី​ការ​សំឡាប់​នូវ​មនុស្ស​ ដែលគេ​ត្រូវ​សំឡាប់ សូម្បី​មនុស្ស​នោះ​ធ្វើអំពើ​មោះមៃ​ (មាន​កំហុស​ក្នុង​ព្រះរាជា​) ក៏ដោយ​ ខ្ញុំ​សូមពរ​ទី ២ នេះ។ សូមឲ្យ​ពួក​បុរស​ទាំង​ចាស់​ក្មេង ទាំង​កណ្តាល រស់នៅ​អាស្រ័យ​នឹង​ខ្ញុំ​ ខ្ញុំ​សូមពរ​ទី ៣ នេះ។ ខ្ញុំ​សូម​មិន​គប់​រកប្រពន្ធ​អ្នកដទៃ​ ខ្ញុំ​សូម​ជា​អ្នក​ខ្វល់ខ្វាយ​ចំពោះតែ​ប្រពន្ធ​របស់​ខ្លួន ខ្ញុំ​សូម​មិន​លុះ​ក្នុង​អំណាច​ពួក​ស្ត្រី​ ខ្ញុំ​សូមពរ​ទី ៤ នេះ។
ថយ | ទំព័រទី ១៩៣ | បន្ទាប់
ID: 637344897821391046
ទៅកាន់ទំព័រ៖