ព្រះត្រៃបិដក ភាគ ៦៣

កុមារ​ទាំងពីរ​មាន​អវយវៈ​ស្រដៀងគ្នា កុមារ​ទាំងពីរ​មាន​លក្ខណៈ​ស្រដៀងគ្នា​ កុមារ​ម្នាក់​ស្រដៀងនឹង​ជាលី កុមារី​ម្នាក់​ដូច​នាង​កណ្ហាជិនា។ កុមារ​ទាំងពីរ​បរិបូណ៌​ដោយ​រូបសម្បត្តិ​ ដូចជា​ពួក​សីហៈ​ដែល​ចេញ​អំពី​រូង ទារក​ទាំងនេះ​ប្រាកដ​ដូច​រូប​ជា​វិការៈ​នៃ​មាស។
 [៣៨៣​] ម្នាល​ភារ​ទ្វា​ជៈ​ អ្នកនាំ​ទារក​ទាំងពីរ​នេះ​មក​អំពី​ទីណា​ហ្ន៎ ម្នាល​ព្រាហ្មណ៍ អ្នក​មកដល់​ដែន​ក្នុងថ្ងៃនេះ​ តើ​អ្នក​មក​អំពី​ទីណា។
 [៣៨៤​] (ជូជក​…) បពិត្រ​ព្រះ​ទេវៈ​ ទ្រង់ព្រះ​នាម​សញ្ជ័យ ព្រះបាទ​វេស្សន្តរ ទ្រង់​មាន​ព្រះ​ហ្ឫ​ទ័យ​ត្រេកអរ​ បាន​ប្រទាន​ទារក​ទាំងនោះ ដល់​ទូលព្រះបង្គំជាខ្ញុំ តាំងពី​ថ្ងៃ​ដែល​ទូលព្រះបង្គំជាខ្ញុំ​បាន​ទារក​មក​ ១៥ រាត្រី ក្នុងថ្ងៃនេះ​ហើយ។
 [៣៨៥​] (ព្រះបាទ​សញ្ជ័យ​…) អ្នកឯង​ធ្វើ​យើង​ឲ្យ​ជឿ​ដោយ​ពាក្យជា​ទីស្រឡាញ់​ តាម​ហេតុ​ត្រឹមត្រូវ​ដូចម្តេច​បាន នរណា​ហ៊ាន​លើក​បុត្រ​ទាំងពីរ ឲ្យ​ជា​ទាន​ដ៏​ឧត្តម ហើយ​ឲ្យ​ដល់​អ្នក។
 [៣៨៦​] (ជូជក​…) ព្រះបាទ​វេស្សន្តរ​ណា​ជាទី​ពឹង​របស់​ពួក​ស្មូម​ ដូចជា​ព្រះធរណី ជាទី​ពឹង​របស់​ពួក​សត្វ ព្រះបាទ​វេស្សន្តរ​នោះ ទ្រង់​គង់នៅ​ក្នុង​ព្រៃ​ បាន​ប្រទាន​បុត្រ​ទាំងពីរ ដល់​ទូលព្រះបង្គំជាខ្ញុំ។
ថយ | ទំព័រទី ១៩៥ | បន្ទាប់
ID: 637344898774984037
ទៅកាន់ទំព័រ៖