ព្រះត្រៃបិដក ភាគ ៦៣

ព្រះ​វេស្សន្តរ​ណា ជាទី​ប្រព្រឹត្តទៅ​នៃ​ពួក​ស្មូម ដូចជា​សាគរ​ ជាទី​ប្រព្រឹត្តទៅ​នៃ​ស្ទឹង​ទាំងឡាយ ព្រះបាទ​វេស្សន្តរ​នោះ ទ្រង់​គង់នៅ​ក្នុង​ព្រៃ បាន​ប្រទាន​បុត្រ​ទាំងពីរ​ដល់​ទូលព្រះបង្គំជាខ្ញុំ។
 [៣៨៧​] (​ពួក​អាមាត្យ​…) ម្នាល​គ្នាយើង​ ព្រះរាជា​កាល​ទ្រង់​គង់នៅ​ក្នុង​ព្រះរាជ​ដំណាក់ ទ្រង់​មាន​សទ្ធា ធ្វើ​អាក្រក់​ណាស់​ ព្រះបាទ​វេស្សន្តរ ត្រូវ​គេ​និរទេស ទៅ​គង់នៅ​ក្នុង​ព្រៃ​ហើយ ម្តេច​ក៏​នៅតែ​ប្រទាន​បុត្រ​ទាំងពីរ​ទៀត។ នែអ្នក​ដ៏​ចំរើន​ទាំងឡាយ អ្នក​ទាំងប៉ុន្មាន​នាក់ ដែល​បាន​មក​ចួប​ជុំគ្នា​ក្នុង​ទីនេះ ចូរ​ស្តាប់​រឿង​នេះ​ចុះ​ ហេតុ​ដូចម្តេច​បាន​ជា​ព្រះ​បាទ​វេស្សន្តរ​ទៅ​គង់​នៅ​ក្នុង​ព្រៃ​ហើយ ក៏​ប្រទាន​បុត្រ​ទាំងពីរ។ ព្រះអង្គ​គួរ​ប្រទាន​ទាសា​ ទាសី សេះ រថ ដែល​ទឹម​ដោយ​សេះ​អស្សតរ​ផង គួរ​ប្រទាន​ដំរី​កុញ្ជរ​ផង ហេតុ​ដូចម្តេច​បាន​ជា​ដាក់ទាន​ទារក​ទាំងពីរ​ទៀត។
 [៣៨៨​] (ជាលី​កុមារ​…) បពិត្រ​ព្រះ​អយ្យកោ​ ទាសៈ សេះ ឬរថ​ដែល​ទឹម​ដោយ​សេះ​អស្សតរ និង​ដំរី​កុញ្ជរ មិន​មាន​ក្នុង​ផ្ទះ​នៃ​បុគ្គល​ណា​ បុគ្គល​នោះ​នឹង​ឲ្យ​ដូចម្តេច​កើត។
 [៣៨៩​] (ព្រះបាទ​សញ្ជ័យ​…) នែចៅ​ យើង​សរសើរ​ទាន​បិតា​របស់​អ្នក យើង​មិនមែន​បន្តុះ​បង្អាប់​ទេ ចុះ​ហ្ឫ​ទ័យ​ (នៃ​បិតា​របស់​បា​) តើ​ដូចម្តេច បាន​ជា​ឲ្យ​បា​ទាំងពីរ​ ដល់​ស្មូម។
ថយ | ទំព័រទី ១៩៦ | បន្ទាប់
ID: 637344899242017090
ទៅកាន់ទំព័រ៖