ព្រះត្រៃបិដក ភាគ ៦៣

 [២] លំដាប់នោះ​ សេនាបតី​របស់​ព្រះរាជា​ឈ្មោះ​អលា​តៈ បាន​ក្រាបទូល​ដូច្នេះ​ថា យើងខ្ញុំ​នឹង​ចាត់ចែង​យាន ពល និង​សេនា​ទាំងអស់​ដែល​មានចិត្ត​រីករាយ​ហើយ។ បពិត្រ​ព្រះ​សម្មតិទេព យើងខ្ញុំ​មាន​ពួក​ពល​មិន​មាន​ទីបំផុត​ នឹង​ចេញទៅ​ដើម្បី​ច្បាំង ពួក​ព្រះរាជា​ណា​មិន​មក​ចុះ​អំណាច យើង​នឹង​នាំចូល​មក​ចុះ​អំណាច​ព្រះអង្គ​ នេះ​ជា​សេចក្តី​យល់​ផ្ទាល់ខ្លួន​របស់​ទូលព្រះបង្គំជាខ្ញុំ ពួក​ទូលព្រះបង្គំជាខ្ញុំ​ នឹង​ផ្ចាញ់​សត្រូវ ដែល​មិនទាន់​ផ្ចាញ់។ (បពិត្រ​ព្រះ​សម្មតិទេព​ សូម​ព្រះអង្គ​ត្រេកអរ​ក្នុង​ចម្បាំង នេះ​ជា​សេចក្តី​ចូលចិត្ត​របស់​ទូលព្រះបង្គំជាខ្ញុំ​)។
 [៣] អាមាត្យ​ឈ្មោះ​សុ​នា​មៈ​ បាន​ស្តាប់​ពាក្យ​អលាត​សេនាបតី​ហើយ ក៏​ក្រាប​ទូល​ដូច្នេះ​ថា បពិត្រ​មហា​រាជ​ ពួក​សត្រូវ​ទាំងអស់ មក​ចុះ​អំណាច​ព្រះអង្គ​ស្រាប់ហើយ​តើ។ ​ពួក​សត្រូវ​មាន​គ្រឿង​សស្រ្តា​ដាក់ចុះ​ហើយ តែង​ប្រព្រឹត្ត​បន្ទន់​បន្ទាប មហោស្រព​ដ៏​ឧត្តម​នឹង​មាន​ក្នុងថ្ងៃនេះ​ ការ​ច្បាំង ទូលព្រះបង្គំជាខ្ញុំ​មិន​ពេញចិត្ត​ទេ។ ជន​ទាំងឡាយ ចូរ​នាំ​យក​បាយ ទឹក​ និង​បង្អែម​យ៉ាង​ឆាប់ មក​ថ្វាយព្រះ​អង្គ បពិត្រ​ព្រះ​សម្មតិទេព​ សូម​ព្រះអង្គ​ត្រេកអរ​ក្នុង​ការ​រាំច្រៀង និង​គ្រឿង​ប្រគុំ​ដោយ​កាម​ទាំងឡាយ​ចុះ។
ថយ | ទំព័រទី ២ | បន្ទាប់
ID: 637344745859277408
ទៅកាន់ទំព័រ៖