ព្រះត្រៃបិដក ភាគ ៦៣
បពិត្រព្រះបាទវិទេហៈ ខ្ញុំម្ចាស់ច្យុតចាកអត្តភាពនោះហើយ បានមក (កើត) ក្នុងត្រកូលក្នុងដែនវជ្ជី ក្នុងភាពជាមនុស្ស ដែលគេបានដោយក្រ តែមិនមែនស្រីមិនមែនប្រុស (ខ្ទើយ) នេះជាផលកម្ម គឺការគប់រកប្រពន្ធបុគ្គលដទៃនៃខ្ញុំម្ចាស់នោះ។ បពិត្រព្រះបាទវិទេហៈ ខ្ញុំម្ចាស់ច្យុតចាកអត្តភាពនោះហើយ បានកើតជាស្រីអប្សរ មានវណ្ណៈគួរប្រាថ្នា ក្នុងនន្ទវនឧទ្យាន ក្នុងឋានតាវត្តិង្ស។ មានសំពត់ និងគ្រឿងអាភរណៈដ៏វិចិត្រ ពាក់កុណ្ឌលជាវិការៈនៃកែវមុណី ជាស្រីឈ្លាសក្នុងការរាំ និងច្រៀង ជាស្រីបម្រើទេវរាជឈ្មោះសក្កៈ។ បពិត្រព្រះបាទវិទេហៈ ខ្ញុំម្ចាស់ឋិតនៅក្នុងឋានតាវត្តិង្សនោះ រលឹកឃើញជាតិ ៧ ដែលខ្ញុំម្ចាស់នឹងទៅក្នុងអនាគត។ កុសលណា ដែលខ្ញុំម្ចាស់បានធ្វើហើយក្នុងក្រុងកោសម្ពី កុសលនោះ តាមមកឲ្យផល ខ្ញុំម្ចាស់ច្យុតចាកអត្តភាពជាទេពធីតានុ៎ះ នឹងអន្ទោលទៅហើយក្នុងទេវលោក និងមនុស្សលោក។ បពិត្រមហារាជ ខ្ញុំម្ចាស់ដែលគេធ្វើសក្ការបូជាជានិច្ចអស់ជាតិទាំងឡាយ ៧ តែខ្ញុំម្ចាស់នឹងមិនរួចហើយចាកភាពជាស្រីអស់គតិ ៦ នេះ។ បពិត្រព្រះសម្មតិទេព ក្នុងគតិជាគំរប់ ៧ ខ្ញុំម្ចាស់នឹងកើតជាទេវតាប្រុស ជាទេវបុត្រមានឫទិ្ធច្រើនដ៏ឧត្តមក្នុងពួកទេវតា។
ID: 637344775571458481
ទៅកាន់ទំព័រ៖