ព្រះត្រៃបិដក ភាគ ៦៣

ព្រះរាជា​បាន​ដាក់លើ​ភ្នែន​នូវ​កុមារ​ទាំងពីរ​ដែល​មាន​កុណ្ឌល​ឮសូរ​គឹកកង​ មាន​ផ្កាកម្រង ស្អិតស្អាង​ដោយ​គ្រឿងអលង្ការ​ទាំងពួង ហើយ​ត្រាស់​ព្រះរាជ​តម្រាស់​នេះ​ថា​ នែ​ជាលី មាតា និង​បិតា​របស់​បា​ទាំងពីរ​នោះ សុខសប្បាយ​ទេ​ឬ ប្រព្រឹត្ត​ចិញ្ចឹមជីវិត​ដោយ​ការស្វែងរក​ (ផលាផល​) ស្រួល​ទេ​ឬ ទាំង​មើម​ឈើ និង​ផ្លែឈើ មាន​ច្រើន​ដែរ​ឬ ពួក​របោម មូស និង​ពស់ មាន​តិចតួច​ទេ​ឬ ក្នុង​ព្រៃ​ដ៏​កុះករ​ដោយ​ម្រឹគ​យង់ឃ្នង​ មិន​មានការ​បៀតបៀន​ទេ​ឬ។
 [៤០២​] (ជាលី​កុមារ​…) បពិត្រ​ព្រះ​ទេវៈ​ មាតា និង​បិតា​របស់​ទូលព្រះបង្គំជាខ្ញុំ​ទាំងពីរ​នោះ​ សុខសប្បាយ​ជាទេ ប្រព្រឹត្ត​ចិញ្ចឹមជីវិត​ដោយ​ការស្វែងរក​ (ផលាផល​) ស្រួល​ទេ​ មើម​ឈើ និង​ផ្លែឈើ​មាន​ច្រើន។ ឯ​ពួក​របោម មូស និង​ពស់ មាន​តិច​ទេ​ ក្នុង​ព្រៃ​ដ៏​កុះករ​ដោយ​ម្រឹគ​យង់ឃ្នង​ មិន​មានការ​បៀតបៀន​ព្រះអង្គ​ទេ។ ព្រះមាតា​នោះ ជីក​យក​មើមដំឡូង​ស្យា ដំឡូងដូង​ ដំឡូងដៃខ្លា ដំឡូងទៀន ទាំង​បាន​នាំ​យក​ផ្លែ​ពទ្រា​ ផ្លែ​រាក់​ខ្មៅ ផ្លែ​ព្នៅ មក​ចិញ្ចឹម​យើង​ខ្ញុំ​ផង។
ថយ | ទំព័រទី ២០០ | បន្ទាប់
ID: 637344900965567388
ទៅកាន់ទំព័រ៖