ព្រះត្រៃបិដក ភាគ ៦៣

បើ​ព្រះមាតា​នោះ ជា​អ្នកនាំ​យក​មើម​ឈើ និង​ផ្លែឈើ​ក្នុង​ព្រៃ​ នាំ​យក​វត្ថុ​ណា​មក យើងខ្ញុំ​ទាំងអស់គ្នា ក៏​មក​ជុំ​គ្នា​បរិភោគ​វត្ថុ​នោះ តែ​ក្នុង​វេលា​យប់ មិនបាន​បរិភោគ​ក្នុង​វេលា​ថ្ងៃ​ទេ។ ព្រះមាតា​របស់​យើងខ្ញុំ ជា​ស្រី​ធ្លាប់​សុខ​ស្រួល ខំ​នាំ​យក​ផ្លែឈើ​មក​ ក៏​ទៅជា​មាន​កាយ​ស្គម ស្លេកស្លាំង​ ដោយ​ត្រូវ​ខ្យល់ និង​កំ​ដៅ​ថ្ងៃ​ ដូចជា​ផ្កាឈូក​ដែលគេ​ឈ្លី​ដោយដៃ។ ព្រះកេសា​ទាំងឡាយ​របស់​ព្រះមាតា ក៏​ជ្រុះ​ព្រោះ​ត្រាច់​ទៅ​ក្នុង​ព្រៃធំ​ ជា​ព្រៃ​ដ៏​កុះករ​ដោយ​ម្រឹគ​យង់​ឃ្នង ជាទី​ដែល​រមាស និង​ខ្លាដំបង​អាស្រ័យ​ហើយ​។ ព្រះ​បិតា​បួង​ភ្នួង​សក់​ទាំងឡាយ​ ទ្រទ្រង់​ញើស​ក្អែល​ឰដ៏​ក្លៀក​ (ទ្រទ្រង់​ភេទ​នៃ​បុព្វជិត​ដ៏​ប្រសើរ​ ទ្រទ្រង់​ទំ​ពក់ ស្លាបព្រា​សម្រាប់​បូជា​ភ្លើង និង​ជដា​) ស្លៀកពាក់​ស្បែក​ខ្លា​ ផ្ទំ​លើ​ផែនដី នម​ស្កា​រភ្លើង។
 [៤០៣​] បុត្រ​ជាទីស្រឡាញ់​នៃ​មនុស្ស​ក្នុង​លោក​ ចំឡែក​តែ​សេចក្តី​ស្នេហា​ក្នុង​បុត្រ មិនកើត​ដល់​ព្រះ​អយ្យកោ​របស់​យើងខ្ញុំ​ដោយពិត។
 [៤០៤​] (ព្រះបាទ​សញ្ជ័យ​…) នែចៅ​ អំពើអាក្រក់ យើង​បាន​ធ្វើ​ហើយ ទាំង​អំពើ​ដែល​បង្ខូច​សេចក្តី​ចំរើន យើង​ក៏បាន​ធ្វើ​ហើយ ព្រោះ​ជីតា​បាន​និរទេស​បុត្រ​ឥត​កំហុស​ តាម​ពាក្យ​នៃ​ពួ​កអ្នក​សិវិ​រាស្ត្រ។
ថយ | ទំព័រទី ២០១ | បន្ទាប់
ID: 637344901449668821
ទៅកាន់ទំព័រ៖