ព្រះត្រៃបិដក ភាគ ៦៣
នែនាងមទ្រី នាងចូរពិចារណាមើលសំឡេងគឹកកងក្នុងព្រៃយ៉ាងនេះ មានទាំងសេះអាជានីយស្រែកកងរំពង ទាំងចុងទង់ជ័យក៏ប្រាកដ។ ជនទាំងនេះ ដូចជាព្រានចោមព័ទ្ធហ្វូងម្រឹគក្នុងព្រៃដោយបង្កាត់ទាំងឡាយ ដេញទំលាក់ក្នុងរណ្តៅ ហើយចាក់កាប់សំឡាប់ ពន្លះយកតែសាច់ល្អ ៗ នៃម្រឹគទាំងនោះ ដោយកាំបិតដ៏មុតដោយពិត។ ពួកយើងមិនមានទោស ត្រូវគេនិរទេសមកនៅក្នុងព្រៃ ដល់នូវសេចក្តីវិនាសក្នុងកណ្តាប់ដៃសត្រូវ ក៏ដូចជាម្រឹគ យ៉ាងនោះដែរ នាងចូរមើលអ្នកសម្លាប់បុគ្គលខ្សោយ។
[៤១០] (ព្រះនាងមទ្រី…) ពួកសត្រូវមិនអាចគ្របសង្កត់ (ព្រះអង្គ) បានទេ ដូចជាភ្លើងមិនអាចគ្របសង្កត់ទឹកសមុទ្របាន សូមព្រះអង្គទ្រង់ព្រះចិន្តាដល់ពាក្យដែលសក្កទេវរាជពោលហើយនោះឯង ទំនងជាសួស្តីនឹងមានដល់ព្រះអង្គ ព្រោះពួកពលនេះ។
[៤១១] (អភិសម្ពុទ្ធគាថា…) លំដាប់នោះ ព្រះបាទវេស្សន្តរយាងចុះអំពីភ្នំ ទ្រង់ធ្វើព្រះហ្ឫទ័យឲ្យមាំ ហើយគង់នៅក្នុងបណ្ណសាលា។
[៤១២] ព្រះបិតាទ្រង់ឲ្យបញ្ឈប់រថ ទ្រង់ឲ្យពួកសេនាត្រៀមចាំ ហើយទ្រង់ស្តេចចូលទៅចួបនឹងព្រះរាជបុត្រដែលគង់នៅក្នុងព្រៃតែម្នាក់ឯង។
ID: 637344903276858567
ទៅកាន់ទំព័រ៖