ព្រះត្រៃបិដក ភាគ ៦៣

លុះ​ព្រះបិតា​យាងចុះ​អំពី ក ដំរី​ហើយ ទ្រង់​ឧត្តរាសង្គៈ ឆៀង​ស្មា​ម្ខាង ផ្គង​អញ្ជលី​ មាន​ពួក​អាមាត្យ​ហែហម បាន​ចូល​ទៅ​ដើម្បី​អភិសេក​បុត្រ។ ព្រះអង្គ​បាន​ទត​ឃើញ​កុមារ មាន​រូប​គួរឲ្យ​ត្រេកអរ​សម្រឹង​ព្រះ​ហ្ឫ​ទ័យ​កំពុង​ត្រិះរិះ មិន​មាន​ភ័យ​អំពី​ទីណា​មួយ ដែល​គង់​នៅក្នុង​បណ្ណសាលា​នោះ។
 [៤១៣​] ព្រះបាទ​វេស្សន្តរ​ និង​ព្រះនាងមទ្រី បាន​ទត​ឃើញ​ព្រះបិតា​នោះ មាន​សេចក្តី​ជាប់​ព្រះ​ហ្ឫ​ទ័យ​ក្នុង​បុត្រ កំពុង​យាង​មក ក៏​ក្រោក​ទៅ​ទទួល​ថ្វាយបង្គំ។ ចំណែក​ព្រះនាងមទ្រី ថ្វាយបង្គំ​ព្រះបាទ​ទាំងគូ​របស់​ព្រះ​សុស្សរៈ​ដោយ​ព្រះ​សីរ្ស៍​ (ហើយ​ក្រាបទូល​ថា​) បពិត្រ​ព្រះ​សម្មតិទេព ខ្ញុំ​ឈ្មោះ​មទ្រី ជា​សុណិសា​របស់​ព្រះអង្គ សូម​ថ្វាយបង្គំ​ព្រះបាទ​ទាំង​គូ​របស់​ព្រះអង្គ ព្រះបិតា​ទ្រង់​ឱបរឹត​ជន​ទាំងពីរ​នោះ​ហើយ​ បបោសអង្អែល​ដោយ​ព្រះ​ហស្ត​។
 [៤១៤​] (ព្រះរាជា​…) នែ​បុត្រ​ អ្នក​ទាំងពីរ​សុខសប្បាយ​ទេ​ឬ នែ​បុត្រ អ្នក​ទាំងពីរ​មិន​មាន​ជម្ងឺ​ដម្កា​ត់​ទេ​ឬ អ្នក​ទាំងពីរ​ចិញ្ចឹមជីវិត​ដោយ​ការស្វែងរក​ស្រួល​ទេ​ឬ មើម​ឈើ និង​ផ្លែឈើ​មាន​ច្រើន​ឬទេ។ ​ពួក​របោម​ មូស ពស់ មាន​តិច​ទេ​ឬ ក្នុង​ព្រៃ​ដ៏​កុះករ​ដោយ​ម្រឹគ​យង់ឃ្នង មិន​មានការ​បៀតបៀន​ទេ​ឬ។
ថយ | ទំព័រទី ២០៧ | បន្ទាប់
ID: 637344903647266900
ទៅកាន់ទំព័រ៖