ព្រះត្រៃបិដក ភាគ ៦៣

 [៤១៥​] (ព្រះ​មហាសត្វ​…) បពិត្រ​ព្រះ​សម្មតិទេព​ ការរស់នៅ​របស់​យើងខ្ញុំ ជា​ការរស់នៅ​ផ្តេស​ផ្ដាស​ទេ យើងខ្ញុំ​ជា​អ្នក​រស់នៅ​ត្រដាបត្រដួស​ ព្រោះ​ការរស់នៅ​ដោយ​ការស្វែងរក​ (ផលាផល​)។ បពិត្រមហារាជ​ (សេចក្តី​ខ្វះខាត​) រមែង​ទូន្មាន​ (បុរស​កំសត់​) ដូចជា​នាយ​សារថី​ទូន្មាន​សេះ​ យើងខ្ញុំ​ទាំងនោះ ជា​បុគ្គល​មាន​សេចក្តី​ខ្វះខាត​ទូន្មាន​ហើយ​ សេចក្តី​ខ្វះខាត​ រមែង​ទូន្មាន​យើងខ្ញុំ។ បពិត្រមហារាជ យើងខ្ញុំ​ត្រូវ​គេ​និរទេស​ហើយ​ មាន​សេចក្តី​រស់នៅ​ទាំង​ទុក្ខសោក​ក្នុង​ព្រៃ ទាំង​សាច់ឈាម​ទៀតសោត​ ក៏​ស្គាំងស្គម ព្រោះ​មិនបាន​ឃើញ​ព្រះមាតា​បិតា។
 [៤១៦​] កុមារ​ទាំងពីរ​ គឺជា​លី និង​កណ្ហាជិនា​ណា ដែល​ជា​ទាយាទ​ (ព្រះរាជ​នត្តា​) របស់​ព្រះអង្គ​ ជា​បុគ្គល​ប្រសើរ​បំផុត ក្នុង​ដែន​សិវិ មានបំណង​មិនទាន់​បានសម្រេច​នៅឡើយ​ លុះអំណាច​ព្រាហ្មណ៍ ជា​បុគ្គល​ឈ្លានពាន​លើសលន់ វាយ​កុមារ​ទាំងពីរ​នោះ ដូចជា​គេ​វាយ​ហ្វូងគោ។ បើ​ព្រះអង្គ​ជ្រាប​បុត្រ​ទាំងនោះ​របស់​រាជបុត្រី សូម​ប្រាប់​ដល់​យើងខ្ញុំ​ឲ្យឆាប់​ ដូចជា​ (​ពួក​ពេទ្យ​ដែល​ព្យាបាល​) នូវ​មាណព​ត្រូវ​ពស់​ចឹក។
 [៤១៧​] (ព្រះរាជា​…) កុមារ​ទាំងពីរ​ គឺជា​លី និង​កណ្ហាជិនា​នុ៎ះ បិតា​បាន​ប្រគល់​ទ្រព្យ​ឲ្យ​ដល់​ព្រាហ្មណ៍​លោះ​មក​ហើយ​ បា​កុំ​ភ័យ​ឡើយ បា​ចូរ​ស្រួលចិត្ត​ចុះ។
ថយ | ទំព័រទី ២០៨ | បន្ទាប់
ID: 637344904037578698
ទៅកាន់ទំព័រ៖