ព្រះត្រៃបិដក ភាគ ៦៣

 [៤២៥​] (ព្រះ​មហាសត្វ​…) ព្រះអង្គ​ និង​ពួក​អ្នកជនបទ អ្នក​និគម បាន​ព្រមព្រៀង​គ្នា​និរទេស​ខ្ញុំ​ព្រះអង្គ ដែល​កំពុង​សោយរាជ្យ​តាម​ធម៌​ ចាក​ដែន​ហើយ។
 [៤២៦​] (ព្រះរាជា​…) ម្នាល​បុត្រ​ (នេះ​) ពិតជា​កំហុស​របស់​យើង​ យើង​បាន​ធ្វើអំពើ​បំផ្លិច​បំផ្លាញ​សេចក្តី​ចំរើន បាន​និរទេស​បា​ ដែល​មិន​មាន​កំហុស ព្រោះ​តាម​ពាក្យ​ពួក​អ្នក​សិវិ​រាស្ត្រ។
 [៤២៧​] (កូន​) គួរ​ដោះទុក្ខ​របស់​បិតា​មាតា​ ឬរបស់​បងប្អូន​ស្រី ដោយហេតុ​ណា​នីមួយ សូម្បី​ដោយ​ជីវិត​របស់​ខ្លួន។ (​ពួក​អាមាត្យ​បាន​ពោល​ថា​ បពិត្រមហារាជ កាល​នេះ ជា​កាលគួរ​ស្រង់ទឹក សូម​ទ្រង់​ដុស​ជម្រះ​ព្រះ​រជោ​ជលៈ​)។
 [៤២៨​] (អភិ​សម្ពុទ្ធ​គាថា​) គ្រានោះ​ ព្រះបាទ​វេស្សន្តរ ក៏​ដុស​ជម្រះ​ក្អែល លុះ​ដុស​ជម្រះ​ក្អែល​ហើយ បាន​ទ្រទ្រង់​ព្រះ​ពស្រ្ត​មាន​ពណ៌​ដូច​ស័ង្ខ។
 [៤២៩​] ព្រះបាទ​វេស្សន្តរ ទ្រង់​កក់​ព្រះ​សិរ្ស៍ មាន​ព្រះ​ពស្រ្ត​ដ៏​ស្អាត ស្អិតស្អាង​ដោយ​អា​ភរណៈ​គ្រប់យ៉ាង ទ្រង់​សៀត​ព្រះ​ខាន់​ដែល​ដុត​កំ​ដៅ​សត្រូវ ហើយ​ទ្រង់​ឡើង​គង់​លើ​ដំរី​ដ៏​ប្រសើរ​ ឈ្មោះ​បច្ច័យ។ កាលនោះ ពួក​ទាហាន ៦០.០០០ នាក់ កើត​ក្នុង​ថ្ងៃជា​មួយ​គ្នា គួរ​រមិលមើល ញ៉ាំង​ព្រះរាជា​ជា​ធំ​ក្នុង​រថ​ឲ្យ​រីក​រាយ​ ចោមរោម។
ថយ | ទំព័រទី ២១១ | បន្ទាប់
ID: 637344905405136449
ទៅកាន់ទំព័រ៖