ព្រះត្រៃបិដក ភាគ ៦៣
កាលនោះ ពួកកញ្ញារបស់ព្រះបាទសិវិ បានចួបជុំគ្នាហើយ ញ៉ាំងព្រះនាងមទ្រីឲ្យស្រង់ទឹក (ហើយពោលថា) សូមព្រះបាទវេស្សន្តរ និងជាលី កណ្ហាជិនា ទាំងពីរ បីបាច់ថែរក្សាព្រះនាង ទាំងមហារាជព្រះនាមសញ្ជ័យ ក៏សូមឲ្យថែរក្សាព្រះនាងដែរ។
[៤៣០] ព្រះបាទវេស្សន្តរ និងព្រះនាងមទ្រី បាននូវទីពឹងនេះ (បានដំកល់ក្នុងរាជសម្បត្តិ ហើយភ្នករឭក) នូវសេចក្តីសៅហ្មងរបស់ព្រះអង្គ (ដែលទ្រង់ធ្លាប់នៅក្នុងព្រៃពីដើម) ក៏ទ្រង់ឲ្យទួងអានន្ទីយភេរី ត្រាច់ទៅទៀបភ្នំវង្កត ដែលគួរជាទីរីករាយ។ ព្រះនាងមទ្រី បរិបូណ៌ដោយលក្ខណៈ បានទីពឹងនេះហើយ (ក៏ភ្នករឭក) នូវសេចក្តីសៅហ្មងរបស់ព្រះនាង ដែលធ្លាប់នៅក្នុងព្រៃពីដើម បានចួបនឹងបុត្រទាំងពីរហើយ ក៏ត្រេកអររីករាយ។ ព្រះនាងមទ្រី បរិបូណ៌ដោយលក្ខណៈ បានទីពឹងនេះហើយ ក៏មានព្រះហ្ឫទ័យភ្នករឭកសេចក្តីសៅហ្មងរបស់ព្រះនាង ដែលធ្លាប់នៅក្នុងព្រៃពីដើម មានចិត្តត្រេកអរ រីករាយជាមួយនឹងបុត្រទាំងពីរ។
[៤៣១] (ព្រះនាងមទ្រី…) នែបុត្រទាំងពីរ កាលពីដើម មាតាជាអ្នកបរិភោគភត្តតែមួយពេល ដេកផ្ទាល់នឹងផែនដីជានិច្ច នេះជាវត្តរបស់មាតាដូច្នេះ ព្រោះសេចក្តីប្រាថ្នាចង់ (ចួប) នឹងបាទាំងពីរ
ID: 637344905791226029
ទៅកាន់ទំព័រ៖