ព្រះត្រៃបិដក ភាគ ៦៣
ព្រះសស្សុបានបញ្ជូននូវគ្រឿងប្រដាប់សម្រាប់ព្រះស្តន និងគ្រឿងប្រដាប់ស្មា និងខ្សែក្រវាត់ កងជើង ទៅថ្វាយព្រះសុណ្ហា ដែលជាគ្រឿងប្រដាប់លំអព្រះមទ្រី។ ព្រះរាជបុត្រី ជាស្រ្តីប្រសើរ បានគយគន់មើលគ្រឿងប្រដាប់ល្បើកដោយអំបោះ និងគ្រឿងប្រដាប់វៀរចាកអំបោះដ៏ល្អក្រៃពេក ហាក់ដូចទេវកញ្ញាក្នុងនន្ទនឧទ្យាន។ ព្រះរាជបុត្រី កក់ព្រះសិរ្ស មានព្រះពស្ត្រដ៏ស្អាត ស្អិតស្អាងដោយអាភរណៈគ្រប់យ៉ាងដ៏ល្អក្រៃពេក ហាក់ដូចស្រ្តីអប្សរក្នុងឋានត្រៃត្រិង្ស។ ព្រះរាជបុត្រី បរិបូណ៌ដោយរបៀបនៃចិញ្ចាញធ្មេញល្អក្រៃពេក ហាក់ដូចដើមចេកដែលកើតក្នុងចិត្តលតាវន័ ត្រូវខ្យល់បក់បោកហើយ។ ព្រះរាជបុត្រីមានបបូរមាត់ដូចផ្លែជ្រៃទុំ និងផ្លែបាសទុំ ល្អក្រៃពេក ហាក់ដូចបក្សីមានសរីរៈសព្វគ្រប់ ដូចជាសរីរៈនៃមនុស្ស មានស្លាបដ៏វិចិត្រ (ហើរឰដ៏អាកាស)។
[៤៣៣] ពួកអាមាត្យនាំដំរីដ៏ប្រសើរ មិនចាស់ពេក អត់ទ្រាំលំពែងបាន អត់ទ្រាំកូនសរបាន មានភ្លុក ង ទន្ទាំ អាចគាស់រំលើងសត្រូវបាន មកថ្វាយព្រះនាងមទ្រីនោះ។ព្រះនាងមទ្រីនោះ ឡើងកាន់ដំរីដ៏ប្រសើរ មិនចាស់ពេក អត់ទ្រាំលំពែងបាន អត់ទ្រាំកូនសរបាន មានភ្លុក ង ទន្ទាំ អាចគាស់រំលើងសត្រូវបាន។
ID: 637344906437021095
ទៅកាន់ទំព័រ៖