ព្រះត្រៃបិដក ភាគ ៦៣

 [៦៦​] (នាង​ឥរន្ទ​តី​…) នរណា​ទោះជា​គន្ធព្វ​ក្តី​ នរណា​ទោះជា​អារក្សទឹក ឬជានា​គក្តី នរណា​ទោះជា​កិន្នរ ឬជា​មនុស្ស​ក្តី នរណា​ទោះជា​បណ្ឌិត​ ដែល​ឲ្យ​សេចក្តី​ប្រាថ្នា​ទាំង​ពួង​ក្តី អ្នកនោះ​នឹងជា​ភស្តា​របស់ខ្ញុំ អស់​កាល​មាន​រាត្រី​ដ៏​វែង។
 [៦៧​] (បុណ្ណ​កយក្ស​…) ម្នាលនាង​ មាន​ភ្នែក​គេ​តិះដៀល​មិនបាន នាង​ចូរ​ដកដង្ហើម​ស្រួល (ត្រេកអរ​) ចុះ​ ខ្ញុំ​នឹងជា​ប្តី​របស់​នាង នឹងជា​ភស្តា​របស់​នាង ដោយសារ​បញ្ញា​របស់ខ្ញុំ​មាន​សភាព​ដូច្នោះ​ នាង​ចូរ​ដកដង្ហើម​ស្រួល​ចុះ នាង​នឹងជា​ភរិយា​របស់ខ្ញុំ។
 [៦៨​] នាង​ឥរន្ទ​តី​ ក៏​មានចិត្ត​កួច​កាន់​តាម​គន្លង​ដែល​ធ្លាប់​ជា​ប្តី​ក្នុង​ជាតិមុន បាន​និយាយ​នឹង​បុណ្ណ​កយក្ស​ថា​ អ្នក​ចូរ​មក យើង​នឹង​នាំគ្នា​ទៅ​ឯសំណាក់​បិតា​ខ្ញុំ បិតា​នោះ​នឹង​ប្រាប់​សេចក្តី​នុ៎ះ​ដល់​អ្នក។
 [៦៩​] (អភិ​សម្ពុទ្ធ​គាថា​) នាង​ឥរន្ទ​តី​ តាក់តែងខ្លួន ស្លៀកដណ្តប់​ល្អ ទ្រង់​កម្រងផ្កា ប្រោះ​ព្រំ​ដោយ​ខ្លឹមចន្ទន៍​ ចាប់ដៃ​បុណ្ណ​កយក្ស នាំចូល​ទៅកាន់​សំណាក់​បិតា។
 [៧០​] (បុណ្ណ​កយក្ស​…) បពិត្រ​ព្រះអង្គ​ប្រសើរ​ជាង​ពួក​នាគ​ សូម​ព្រះអង្គ​ទ្រង់​ព្រះ​សណ្តាប់​ពាក្យ​របស់ខ្ញុំ​ព្រះអង្គ​ សូម​ព្រះអង្គ​ទ្រង់​ទទួល​សួយ​ដ៏​សមគួរ​ (ដល់​ត្រកូល និង​ប្រទេស​របស់​ព្រះអង្គ​)
ថយ | ទំព័រទី ៣៥ | បន្ទាប់
ID: 637344785190915894
ទៅកាន់ទំព័រ៖