ព្រះត្រៃបិដក ភាគ ៦៣
ប៉មមានសណ្ឋានដូចកឱដ្ឋ ធ្វើអំពីកែវមណីក្រហម និងកែវមរកត ប្រាសាទក្នុងពិភពនាគធ្វើអំពីកែវមណី ប្រក់ដោយរតនៈ គឺមាស។ ដើមឈើទាំងឡាយ គឺដើមស្វាយ ដើមទ្រមួច ដើមព្រីង ដើមសត្តប័ណ្ណ (ឈើមានសន្លឹក ៧ ) ដើមរាំងអន្លក់ ដើមកេតក៍ ដើមបិយង្គុ ដើមរាជព្រឹក្ស ព្រមទាំងដើមបារិច្ឆត្តព្រឹក្ស ដើមឈើទាលខ្សាច់ (មានក្នុងពិភពនាគនោះ)។ ដើមចម្បា ដើមខ្ទឹង ម្លិះ នួនស្រី និងដើមក្របៅ មានក្នុងក្រុងពិភពនាគនោះ ដើមឈើទាំងនោះ ទន់ទោរ ល្អរុងរឿងក្នុងមន្ទីរនៃនាគ។ ព្រះបាទវរុណៈ ជាឱបបាតិកៈកំណើត មានឫទ្ធិច្រើន នៅក្នុងពិភពនាគណា ពួកដើមផ្អាវជាច្រើន ដ៏ហើយដោយកែវឥន្ទនីល មានផ្កាជានិច្ច ជាវិការៈនៃមាស ក្នុងពិភពនាគនោះ។ នាងវិមលាជាភរិយារបស់ព្រះបាទវរុណនាគនោះ ជាស្រីនៅក្មេង មានរាងកាយភ្លឺផ្លេកដូចមាស
ID: 637344794687950941
ទៅកាន់ទំព័រ៖