ព្រះត្រៃបិដក ភាគ ៦៣

 [៨៨​] (បុណ្ណ​កយក្ស​…) បពិត្រ​ព្រះអង្គ​ប្រសើរ​ជាង​សត្វ​ជើង​ពីរ​ សូម​ព្រះអង្គ​ទ្រង់​ទត​កែវមណី​របស់ខ្ញុំ​នេះ​ចុះ ក្នុង​កែវមណី​នេះ មាន​រាងកាយ​របស់​ស្រ្តី​ មាន​រាងកាយ​របស់​បុរស។ មាន​រាងកាយ​របស់​ម្រឹគ មាន​រាងកាយ​របស់​បក្សី ប្រាកដ​ក្នុង​កែវមណី​នេះ សូម​ព្រះអង្គ​ទ្រង់ទត​នាគរាជ និង​គ្រុឌ​ ជា​រូប​និម្មិត​ក្នុង​កែវមណី។
 [៨៩​] សូម​ព្រះអង្គ​ទ្រង់ទត​ សេនា​មាន​អង្គ ៤ គឺ​ពលដំរី ១ ពល​រថ ១ ពលសេះ ១ ពលថ្មើរជើង​មាន​គ្រឿង​គ្រោះ ១ ជា​រូប​និម្មិត​ក្នុង​កែវមណី។ សូម​ព្រះអង្គ​ទ្រង់ទត​ពលដំរី និង​ពួក​សេនា ពល​រថ និង​ពលថ្មើរជើង គឺ​ពួក​ពល​ដែល​រៀប​ជា​ព្យុហៈ​ ជា​រូប​និម្មិត​ក្នុង​កែវមណី។
 [៩០​] សូម​ព្រះអង្គ​ទ្រង់ទត​ នគរ​ដ៏​បរិបូណ៌​ដោយ​ប៉ម មាន​កំពែង និង​ក្លោងទ្វារ​ដ៏​ច្រើន​ជាន់​ មានផ្លូវ​បែក​ជា ៤ និង​ផែនដី​ដ៏​ល្អ ជា​រូប​និម្មិត​ក្នុង​កែវមណី។ សូម​ព្រះអង្គ​ទ្រង់​ទត​សសរខឿន​ គូ រនុកទ្វារ គន្លឹះ​ទ្វារ ប៉ម និង​ទ្វារ​ប៉ម​ ជា​រូប​និម្មិត​ក្នុង​កែវមណី។
 [៩១​] សូម​ព្រះអង្គ​ទ្រង់ទត​ពួក​បក្សី​ផ្សេង​ៗជាច្រើន​ ទៀប​ក្លោងទ្វារ និង​ផ្លូវ គឺ​ហ្វូង​ហង្ស ក្រៀល ក្ងោក ចាក្រពាក អក សូម​ព្រះអង្គ​ទ្រង់ទត​ទីក្រុង​ដ៏​ដេរដាស​ដោយ​បក្សី​ផ្សេង​ៗ គឺ​តា​វ៉ៅ​ខ្មៅ តា​វ៉ៅ​ពព្រុស ក្ងោ​ក និង​ប៉ោលតោក​ជាច្រើន ជា​រូប​និម្មិត ក្នុង​កែវមណី។
ថយ | ទំព័រទី ៤៤ | បន្ទាប់
ID: 637344797161371021
ទៅកាន់ទំព័រ៖