ព្រះត្រៃបិដក ភាគ ៦៣

សូម​ព្រះអង្គ​ទ្រង់ទត​ពួក​ជន​អ្នក​លោត​ អ្នកប្រដាល់ អ្នកធ្វើ​ខាង​កលមាយា និង​ស្រី ប្រុស​ដ៏​ល្អ ក្នុង​កែវមណី​នេះ​ ទាំង​ពួក​អ្នក​ដាស់តឿន​គេ និង​អ្នក​កាត់​កោរសក់ ជា​រូប​និម្មិត​ក្នុង​កែវមណី។
 [៩៥​] ម្ហោ​ស្រព​ទាំងឡាយ​ ដ៏​មី​រដេរដាស ដោយ​បុរស និង​ស្រ្តី ក៏​មាន​ក្នុង​កែវមណី​នេះ​ សូម​ព្រះអង្គ​ទ្រង់ទត​គ្រែ​តូច និង​គ្រែ​ធំ និង​ទី​ (នៃ​ម្ហោ​ស្រព​) ជា​រូប​និម្មិត​ ក្នុង​កែវមណី។ សូម​ព្រះអង្គ​ទ្រង់ទត​ ​ពួក​អ្នក​ចំបាប់ ដែល​ច្រ​បា​ប់​គ្នា​ដោយ​ដៃ​ទាំងពីរ​ ក្នុង​ទី​ម្ហោ​ស្រព សូម​ព្រះអង្គ​ទ្រង់ទត​ពួក​អ្នកឈ្នះ និង​អ្នក​ចាញ់ ជា​រូប​និម្មិត​ក្នុង​កែវមណី។
 [៩៦​] សូម​ព្រះអង្គ​ទ្រង់ទត​ពួក​ម្រឹ​គផ្សេង​ៗ ជាច្រើន​ទៀប​ជើងភ្នំ គឺ​រាជសីហ៍ ខ្លាធំ ជ្រូកព្រៃ​ ខ្លាឃ្មុំ ឆ្កែព្រៃ ខ្លារខិន។ សត្វ​រមាស គោ ក្របី រមាំង ប្រើស ទ្រាយ សរ​ភម្រឹគ​ ក្តាន់ ជ្រូកស្រុក។ ឈ្លូស ពួក​មិត្រ​ម្រឹគ​ជាច្រើន ខ្លាត្រី ទន្សាយ និង​កង្ហែន​ សូម​ព្រះអង្គ​ទ្រង់ទត​ជើងភ្នំ​ដ៏​ដេរដាស​ដោយ​ពួក​ម្រឹគ​ផេ្សង​ៗ ជា​រូប​និម្មិត​ក្នុង​កែវមណី។
 [៩៧​] ស្ទឹង​ទាំងឡាយ​ មាន​កំពង់រាប​ទាប​ល្អ ដែល​ក្រាល​ដោយ​ខ្សាច់​មាស មាន​ទឹកថ្លា​ មាន​ពួក​ត្រី​អាស្រ័យ​តែង​ហូរ​ទៅ។ ពួក​ឆ្លាម មករ ក្រពើ អណ្តើក ត្រី​ស្លាត ត្រី​សណ្តាយ​ ត្រីឆ្តោ ត្រី​ឆ្ពិន មាន​ក្នុង​កែវមណី​នេះ។
ថយ | ទំព័រទី ៤៦ | បន្ទាប់
ID: 637344797991078291
ទៅកាន់ទំព័រ៖