ព្រះត្រៃបិដក ភាគ ៦៣
សូមព្រះអង្គទ្រង់ទតស្រះបោក្ខរណីដែលធ្វើដោយផែនថ្ម ជាវិការៈនៃកែវពៃទូរ្យ ដ៏ដេរដាសដោយពួកសត្វស្លាបផ្សេងៗ មានពួកឈើផ្សេងៗជាជួរ ជារូបនិម្មិតក្នុងកែវមណី។
[៩៨] សូមព្រះអង្គទ្រង់ទតស្រះបោក្ខរណីក្នុងកែវមណីនេះ ដែលចាត់ចែងដោយល្អទាំង ៤ ទិស ដ៏ដេរដាសដោយពួកសត្វស្លាបផ្សេងៗ ដែលត្រីធំអាស្រ័យនៅ សូមព្រះអង្គទ្រង់ទតផែនដីដ៏បរិបូណ៌ដោយទឹកព័ទ្ធជុំវិញ ជាកុណ្ឌលនៃសាគរ ប្រកបដោយជួរដងព្រៃទាំងឡាយ ជារូបនិម្មិតក្នុងកែវមណី។
[៩៩] សូមព្រះអង្គទ្រង់ទតមើលទ្វីបទាំង ៤ គឺបុព្វវិទេហទ្វីប ខាងកើត អបរគោយានទ្វីប ខាងលិច ឧត្តរកុរុទ្វីប និងជម្ពូទ្វីប ជារូបនិម្មិតក្នុងកែវមណី។ សូមព្រះអង្គទ្រង់ទតព្រះចន្ទ និងព្រះអាទិត្យ កំពុងបំភ្លឺទិសទាំង ៤ សូមព្រះអង្គទ្រង់ទត (ព្រះចន្ទ និងព្រះអាទិត្យនោះ) កំពុងដើរក្រឡឹងភ្នំសិនេរុ ជារូបនិម្មិតក្នុងកែវមណី។ សូមព្រះអង្គទ្រង់ទតភ្នំសិនេរុ ភ្នំហិមពាន្ត សមុទ្ទសាគរ ដែលមានឫទ្ធិច្រើន និងមហារាជទាំង ៤ អង្គ ជារូបនិម្មិតក្នុងកែវមណី។ សូមព្រះអង្គទ្រង់ទតសួនច្បារ ព្រៃ គុម្ពឈើ ខ្នងថ្មភ្នំ ហាក់ដូចជាគេក្រាលដំកល់ទុកដ៏ដេរដាសដោយពួកកិន្នរ គួរជាទីរីករាយ ជារូបនិម្មិតក្នុងកែវមណី។
ID: 637344798463644886
ទៅកាន់ទំព័រ៖