ព្រះត្រៃបិដក ភាគ ៦៣
ព្រះរាជាជ្រើសយកកូនបាសកា ជាទោស (ខាងចាញ់) បុណ្ណកយក្ស ចាប់យកកូនបាសកាខាងឈ្នះ ជនទាំងពីរនោះ បានលេងបាសការួមគ្នា ក្នុងរោងបាសកានោះហើយ បុណ្ណកយក្សឈ្នះព្រះរាជា មានព្យាយាមប្រសើរជាងនរៈ ក្នុងសំណាក់នៃពួកព្រះរាជា ក្នុងកណ្តាលនៃពួកសាក្សី សំឡេងគឺកកង សំឡេងហ៊ោកញ្រ្ជៀវ ក៏កើតមានក្នុងទីនោះ។
[១០៥] (បុណ្ណកយក្ស…) បពិត្រមហារាជ បណ្តាពួកយើង ដែលខំប្រឹងព្យាយាម ការឈ្នះ និងការចាញ់ គង់មានដល់អ្នកណាមួយ បពិត្រព្រះអង្គជាធំជាងជន ឥឡូវនេះ ខ្ញុំព្រះអង្គឈ្នះហើយ (ត្រូវយក) ទ្រព្យដ៏ប្រសើរ ព្រះអង្គដែលខ្ញុំឈ្នះហើយ សូមសងឲ្យឆាប់។
[១០៦] (ព្រះបាទកោរព្យៈ…) ម្នាលមាណពកច្ចាយនគោត្រ ដំរី គោ សេះ កែវមណី និងកុណ្ឌល ឬកែវណាមួយរបស់ខ្ញុំលើផែនដី បណ្តាទ្រព្យទាំង (នោះ) អ្នកចូរយកទ្រព្យណាដែលប្រសើរនោះចុះ អ្នកចូរកាន់យកទៅតាមសេចក្តីពេញចិត្តចុះ។
[១០៧] (បុណ្ណកយក្ស…) ដំរី គោ សេះ កែវមណី និងកុណ្ឌល ឬកែវណាមួយរបស់ព្រះអង្គលើផែនដី វិធុរបណ្ឌិតអាមាត្យ ទុកជាទ្រព្យប្រសើរជាងទ្រព្យទាំងនោះ ព្រះអង្គដែលខ្ញុំឈ្នះហើយ សូមព្រះរាជទានវិធុរបណ្ឌិតនោះមកខ្ញុំ។
ID: 637344800221072206
ទៅកាន់ទំព័រ៖