ព្រះត្រៃបិដក ភាគ ៦៣
គួរមានការមិនមានទុក្ខ ដោយប្រការដូចម្តេច មាណពឈ្មោះថា ពោលពាក្យពិត តើដោយប្រការដូចម្តេច បុគ្គលជាគ្រហស្ថ ចេញចាកលោកនេះ ទៅកាន់លោកខាងមុខ លុះទៅកាន់លោកខាងមុខហើយ រមែងមិនសោកស្តាយ តើដោយប្រការដូចម្តេច។
[១១៦] (អភិសម្ពុទ្ធគាថា) វិធុរបណ្ឌិតអ្នកមានញាណគតិ មានព្យាយាម មានប្រាជ្ញាយល់អត្ថ យល់ធម៌ទាំងពួង បានឆ្លើយប្រស្នានុ៎ះ នឹងព្រះរាជានោះ ក្នុងរោងធម្មសភានោះថា គ្រហស្ថមិនគប្បីជាអ្នកមានប្រពន្ធសាធារណៈ មិនគួរបរិភោគអាហារមានរសឆ្ងាញ់តែម្នាក់ឯង មិនគួរគប់រករឿងផ្តេសផ្តាស ដែលទាក់ទងនឹងលោក (ព្រោះ) រឿងបែបនុ៎ះ មិនមែនជាគ្រឿងចំរើនប្រាជ្ញាទេ។ គ្រហស្ថ គួរជាអ្នកមានសីល បរិបូណ៌ដោយវត្ត មិនប្រហែស មានប្រាជ្ញាវាងវៃ ជាអ្នកប្រព្រឹត្តឱនលំទោន មិនរឹងត្អឹង ជាអ្នកស្លូតបូត មានពាក្យទន់ពីរោះ មានអាការដ៏ទន់ភ្លន់។ ជាអ្នកសង្រ្គោះមិត្រទាំងឡាយ ជាអ្នកចែករលែកទាន មានការចាត់ចែងដ៏ល្អ ញ៉ាំងសមណព្រាហ្មណ៍ឲ្យឆ្អែតស្កប់ស្កល់ដោយបាយ និងទឹក ក្នុងកាលទាំងពួង។ ជាអ្នកប្រាថ្នាសុចរិតធម៌ ទ្រទ្រង់ការចេះដឹង ជាអ្នកសាកសួរ ឧស្សាហ៍ចូលទៅរកអ្នកមានសីល ជាពហុស្សូត ដោយគោរព។
ID: 637344802072590313
ទៅកាន់ទំព័រ៖