ព្រះត្រៃបិដក ភាគ ៦៣

លោក​ដ៏​ចំរើន ចូរ​ប្រៀនប្រដៅ​បុត្រ និង​ភរិយា​ ក្នុងថ្ងៃនេះ​ចុះ​ កាលបើ​លោក​ចេញទៅ​ (បុត្រ និង​ភរិយា​របស់​លោក​) បាន​សេចក្តី​សុខ​យ៉ា​ងណា (សូម​ប្រៀន​ប្រដៅ​យ៉ាងនោះ​)។
 [១២០​] (អភិ​សម្ពុទ្ធ​គាថា​) បុណ្ណ​កយក្ស​ មាន​ភោគៈ​ជា​គ្រឿង​ប្រាថ្នា​ច្រើន បាន​ពោល​ថា​ សាធុ ដូច្នេះ​ ក៏​ចៀសចេញ​ទៅជាមួយ​នឹង​វិធុរបណ្ឌិត ឯវិធុរបណ្ឌិត ជា​បុគ្គល​ប្រសើរ​ថ្លៃថ្លា ចូល​ទៅកាន់​ខាងក្នុង​បុរី​នោះ​ ដែល​បរិបូណ៌​ដោយ​ដំរី និង​សេះ​អាជានេយ្យ។
 [១២១​] បណ្តា​ប្រាសាទ​ទាំងនោះ គឺ​កោញ្ច​ប្រាសាទ មយូរ​ប្រាសាទ បិយ​កេត​ប្រាសាទ ព្រះ​មហាសត្វ (នាំ​បុណ្ណ​កយក្ស​) ចូល​ទៅកាន់​ប្រាសាទ​ជាទី​រីករាយ​ក្រៃលែង​ ជា​ប្រាសាទ​មាន​ភក្សាហារ​ច្រើន មាន​បាយ និង​ទឹក​ច្រើន ដូចជា​ (ភព​) មសក្កសារៈ​នៃ​ព្រះ​វាសវៈ។
 [១២២​] នាង​នារី​ទាំងឡាយ តាក់តែងខ្លួន​ដ៏​សមរម្យ​ល្អ រាំច្រៀង ហៅរក​ដ៏​ប្រសើរ​ក្រៃលែង​ ក្នុង​ប្រាសាទ​នោះ ដូច​ស្រី​អប្សរ​ក្នុង​ទេវលោក។ ព្រះ​មហាសត្វ អ្នករក្សា​ធម៌ ធ្វើ​បុណ្ណ​កយក្ស​ឲ្យ​បរិបូណ៌​ដោយ​ពួក​នារី​ជាទី​រីករាយ​ផង​ ដោយ​បាយ និង​ទឹក​ផង ហើយ​ជ្រើសរើស​តែ​សេចក្តី​យ៉ាង​សំខាន់ ទើប​ចូល​ទៅ​ក្នុង​សំណាក់​ភរិយា​ក្នុង​កាលនោះ។
ថយ | ទំព័រទី ៥៥ | បន្ទាប់
ID: 637344803362007012
ទៅកាន់ទំព័រ៖