ព្រះត្រៃបិដក ភាគ ៦៣
បើព្រះរាជានៅក្នុងដែនកុរុ ជាអ្នកភ្ជាប់មិត្តជន មានភោគៈជាទីប្រាថ្នាច្រើន សួរកូនឯងទាំងឡាយថា អ្នកទាំងឡាយ ដឹងច្បាស់នូវដំណើរបូរាណក្នុងកាលមុនដែរឬ បិតារបស់អ្នកទាំងឡាយបានប្រៀនប្រដៅក្នុងកាលមុនដូចម្តេចខ្លះ មួយទៀត ពួកអ្នកទាំងអស់គ្នា ចូរមានអាសនៈស្មើនឹងយើងចុះ (ព្រោះ) ក្នុងរាជត្រកូលនេះ រកមនុស្សណារបស់ព្រះរាជា ជាអ្នកខ្ពង់ខ្ពស់ (ឲ្យស្មើនឹងពួកអ្នក) មិនមានទេ ពួកកូនឯងគប្បីធ្វើអញ្ជលី ទូលព្រះរាជាយ៉ាងនេះថា បពិត្រព្រះសម្មតិទេព សូមព្រះអង្គកុំត្រាស់យ៉ាងនេះ ព្រោះថា នេះមិនមែនជាបវេណីធម៌ទេ បពិត្រព្រះសម្មតិទេព សត្វចចកមានជាតិថោកទាប គប្បីមានអាសនៈស្មើនឹងកេសរសីហៈ ដូចម្តេចបាន។
ចប់ លក្ខកណ្ឌ។
[១២៤] (អភិសម្ពុទ្ធគាថា) វិធុរបណ្ឌិតនោះ មានសេចក្តីត្រិះរិះដោយចិត្តមិនរួញរា បានពោលពាក្យនេះនឹងបុត្រ អាមាត្យ ញាតិ សំឡាញ់ថា ម្នាលកូនសំឡាញ់ទាំងឡាយ ចូរអ្នកទាំងឡាយមកអង្គុយស្តាប់រាជវសតិធម៌ (ច្បាប់សម្រាប់នៅក្នុងរាជត្រកូល) របស់អញ ដែលជាច្បាប់សម្រាប់បុរសចូលទៅកាន់រាជត្រកូល រមែងបាននូវយស។
ID: 637344804201702331
ទៅកាន់ទំព័រ៖