ព្រះត្រៃបិដក ភាគ ៦៣
[១២៥] រាជសេវកៈ ដែលចូលទាំកាន់រាជត្រកូល (មានគុណសម្បត្តិ) មិនប្រាកដ រមែងមិនបានយសទេ រាជសេវកៈមិនត្រូវជាអ្នកក្លៀវក្លាពេក មិនត្រូវជាអ្នកខ្លាចពេក មិនត្រូវធ្វេសប្រហែសក្នុងកាលណាឡើយ។ ព្រះរាជាជ្រាបច្បាស់នូវអាចារសម្បត្តិ និងសេចក្តីចេះដឹង ព្រមទាំងសេចក្តីស្អាតរបស់រាជសេវកៈនោះក្នុងកាលណា ព្រះរាជាក៏រមែងស្និទ្ធស្នាលចំពោះរាជសេវកៈនោះ ក្នុងកាលណោះ ទាំងមិនលាក់នូវអាថ៌កំបាំង (របស់ព្រះអង្គ) នឹងរាជសេវកៈនោះទេ។
[១២៦] រាជសេវកៈ ដែលព្រះរាជាត្រាស់ប្រើ (ក្នុងរាជកិច្ចណាមួយ) មិនគប្បីធ្វើរាជកិច្ចនោះឲ្យកម្រើក (ល្អៀង) ទេ ត្រូវធ្វើឲ្យដូចជាជញ្ជីងដែលគេលើកឡើងហើយ មានដងស្មើទៀងល្អ។ រាជសេវកៈធ្វើរាជកិច្ចទាំងពួងដូចជញ្ជីងដែលគេលើកឡើងហើយ មានដងស្មើ ទៀងល្អ រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល។
[១២៧] រាជសេវកៈ ជាអ្នកឈ្លាសេវៃក្នុងរាជកិច្ចទាំងឡាយ ដែលព្រះរាជាត្រូវប្រើក្នុងវេលាថ្ងៃ ឬក្នុងវេលាយប់ មិនគប្បីធ្វើរាជកិច្ចនោះឲ្យកម្រើក រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល។ រាជសេវកៈ ជាអ្នកឈ្លាសវៃក្នុងរាជកិច្ចទាំងឡាយ ធ្វើរាជកិច្ចគ្រប់យ៉ាង ក្នុងវេលាថ្ងៃ ឬក្នុងវេលាយប់ (ឲ្យសម្រេចដោយរៀបរយ) រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល។
ID: 637344804650320598
ទៅកាន់ទំព័រ៖