ព្រះត្រៃបិដក ភាគ ៦៣
ផ្លូវណាដែលគេធ្វើល្អ ចាត់ចែងល្អសម្រាប់ព្រះរាជា រាជសេវកៈ ដែលព្រះរាជាត្រាស់ហើយ មិនត្រូវដើរទៅតាមផ្លូវនោះ រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល។
[១២៨] រាជសេវកៈមិនគួរប្រើប្រាស់កាមភោគៈ ស្មើនឹងព្រះរាជាក្នុងកាលណាឡើយ ត្រូវដើរខាងក្រោយក្នុងកាមគុណគ្រប់យ៉ាង រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល។ រាជសេវកៈមិនត្រូវប្រើប្រាស់សំពត់ មិនត្រូវប្រើប្រាស់ផ្កាកម្រង មិនត្រូវប្រើប្រាស់គ្រឿងលាប ឲ្យដូចរបស់ព្រះរាជា មិនត្រូវប្រព្រឹត្តកិរិយា ឬការនិយាយស្តី ឲ្យដូចព្រះរាជា ត្រូវធ្វើអាកប្បកិរិយាដទៃវិញ រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល។
[១២៩] ព្រះរាជា ទ្រង់ក្រសាលនឹងរាជសេវកៈ មានស្រីស្នំគាល់បំរើ អាមាត្យជាបណ្ឌិត មិនត្រូវធ្វើសេចក្តីស្និទ្ធស្នាល ចំពោះពួកស្រីស្នំរបស់ព្រះរាជាទេ។ រាជសេវកៈ ជាអ្នកមិនឆ្មើងឆ្មៃ មិនឃ្នើសឃ្នង ជាអ្នកមានប្រាជ្ញាខ្ជាប់ខ្ជួន សង្រួមឥន្រ្ទិយដ៏ល្អ បរិបូណ៌ដោយការតំកល់ចិត្ត រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល។
[១៣០] រាជសេវកៈ មិនត្រូវប្រឡែង មិនត្រូវនៅក្នុងទីស្ងាត់ ប្រឹក្សាជាមួយនឹងពួកស្រីស្នំរបស់ព្រះរាជា មិនត្រូវលួចយកព្រះរាជទ្រព្យអំពីឃ្លាំងរបស់ព្រះរាជានោះទេ រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល។
ID: 637344805168816235
ទៅកាន់ទំព័រ៖