ព្រះត្រៃបិដក ភាគ ៦៣
រាជសេវកៈ មិនគប្បីសំគាល់ការដេកច្រើន មិនត្រូវផឹកសុរាឲ្យស្រវឹង មិនត្រូវបៀតបៀនពួកម្រឹគដែលទ្រង់ឲ្យអភ័យ រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល។ រាជសេវកៈមិនត្រូវឡើងកាន់តាំង មិនត្រូវឡើងកាន់បល្ល័ង្ក មិនត្រូវឡើងកាន់កៅអី មិនត្រូវឡើងកាន់នាវា ឬកាន់រថរបស់ព្រះរាជា ដោយគិតថា ខ្លួនអញ ព្រះរាជាប្រោសប្រាណហើយ ដូច្នេះទេ រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល។ រាជសេវកៈជាអ្នកវាងវៃ ត្រូវគាល់ព្រះរាជា ក្នុងទីមិនឆ្ងាយពេក មិនជិតពេក គប្បីឋិតនៅល្មមតែព្រះរាជាទតឃើញ ទាំងខ្លួនឯងក៏មើលឃើញព្រះរាជាជាម្ចាស់។ រាជសេវកៈ (គួរគិតថា) ព្រះរាជាមិនមែនជាសំឡាញ់របស់អញទេ។ ព្រះរាជាមិនមែនជាគូកន (របស់អញទេ) ធម្មតា ព្រះរាជាទាំងឡាយ រមែងខ្ញាល់ឆាប់ ដូចភ្នែកដែលត្រូវលំអង មានកន្ទុយស្រូវ (ជាដើម) ប៉ះពាល់។ ជនជាបណ្ឌិត អ្នកមានប្រាជ្ញា មិនត្រូវសំគាល់ថា ព្រះរាជាបូជាអញហើយ ក៏ពិតទូលហេតុអាក្រក់ ចំពោះព្រះរាជា ដែលយាងមកកាន់បរិស័ទ។
[១៣១] រាជសេវកៈ ទុកជាបានអនុញ្ញាតទ្វារហើយ ត្រូវបានអនុញ្ញាតទ្វារ (ទៀត សឹមចូល) មិនត្រូវទុកចិត្តចំពោះព្រះរាជាទាំងឡាយ គប្បីប្រយ័ត្នដូចភ្លើង រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល។
ID: 637344805573729525
ទៅកាន់ទំព័រ៖