ព្រះត្រៃបិដក ភាគ ៦៣

ព្រះរាជា​ជា​ក្សត្រិយ៍ ទ្រង់​លើ​កតំ​កើង​ព្រះរាជបុត្រ ឬក្សត្រិយ៍​ជា​បងប្អូន​របស់​ព្រះអង្គ​ ដោយ​ស្រុក ឬនិគម ដោយ​ដែន ឬជនបទ រាជសេវកៈ​ត្រូវ​នៅ​ស្ងៀម​ រំពឹងមើល មិន​ត្រូវ​និយាយ​ពី​គុណ ឬទោស​ឡើយ។
 [១៣២​] ព្រះរាជា​ ទ្រង់​បន្ថែម​បៀវត្សរ៍​ដល់​ពលដំរី ពល​រថ ពលថ្មើរជើង​ទាំងនោះ ដោយ​ការ​ប្រគល់ឲ្យ​ចំពោះ​ការងារ​ រាជសេវកៈ​មិន​ត្រូវ​ធ្វើឲ្យ​អន្តរាយ​ (លាភ​) របស់​ពល​ទាំងនោះ​ រាជសេវកៈ​នោះ ទើប​គួរ​នៅក្នុង​រាជត្រកូល។ រាជសេវកៈ ជា​អ្នកប្រាជ្ញ ត្រូវ​ឱនលំទោន​ដូចជា​ដងធ្នូ​ ត្រូវ​ញាប់ញ័រ​ដូចជា​ឫស្សី មិន​ត្រូវ​ប្រព្រឹត្ត​ទទឹងទាស់​ទេ​ រាជសេវកៈ​នោះ ទើប​គួរ​នៅក្នុង​រាជត្រកូល។ រាជសេវកៈ ត្រូវ​មានពោះ​ធូរ​ដូ​ចបន្លោះ​ធ្នូ មិន​ត្រូវ​មាន​អណ្តាត​ដូច​ត្រី​ ត្រូវ​ស៊ី​តិច មាន​ប្រា​ជ្ញា​រក្សាខ្លួន ក្លៀវក្លា រាជសេវកៈ​នោះ​ ទើប​គួរ​នៅក្នុង​រាជត្រកូល។
 [១៣៣​] រាជសេវកៈ មិន​ត្រូវ​ប៉ះពាល់​គប់​ស្រី ជាហេតុ​ឲ្យអស់​តេជះ​ខ្លាំងពេក​ទេ សេវកៈ​ដែល​អស់​ប្រាជ្ញា​ រមែង​ដល់​នូវ​រោគ​ក្អក ហឺត ទុរន់ទុរា មាន​កំឡាំង​ថយ។ រាជសេវកៈ​មិន​ត្រូវ​និយាយ​ហួស​កម្រិត​ មិន​ត្រូវ​ស្ងៀម​គ្រប់​កាល​ទាំងពួង​ទេ ត្រូវ​ពោល​ពាក្យ​មិន​រោយរាយ ល្មម​ប្រមាណ​ក្នុង​កាលដែល​ត្រូវការ។ រាជសេវកៈ គប្បី​ជា​អ្នក​មិន​ក្រោធ​ មិន​បៀតបៀន​គេ មាន​ពាក្យសច្ចៈ ផ្អែមល្ហែម មិន​ញុះញង់ មិន​និយាយ​ពាក្យ​ឥតប្រយោជន៍ រាជសេវកៈ​នោះ​ ទើប​គួរ​នៅក្នុង​រាជត្រកូល។
ថយ | ទំព័រទី ៦១ | បន្ទាប់
ID: 637344809415293806
ទៅកាន់ទំព័រ៖