ព្រះត្រៃបិដក ភាគ ៦៣

រាជសេវកៈ​គួរ​ញ៉ាំង​សមណៈ និង​ព្រាហ្មណ៍ អ្នកមានសីល ជា​ពហុ​ស្សូ​ត ឲ្យ​ឆ្អែត​ស្កប់ស្កល់​ដោយ​បាយ និង​ទឹក​ រាជសេវកៈ​នោះ​ ទើប​គួរ​នៅក្នុង​រាជត្រកូល។ រាជសេវកៈ កាលបើ​ប្រាថ្នា​សេចក្តី​ចំរើន​ដល់​ខ្លួន​ គប្បី​ចូល​ទៅ​គប់​រក​សមណៈ និង​ព្រាហ្មណ៍​អ្នកមានសីល​ជា​ពហុ​ស្សូ​ត ជា​បណ្ឌិត។
 [១៣៦​] រាជសេវកៈ មិន​ត្រូវញ៉ាំង​ទាន​ដែល​ព្រះរាជា​ធ្លាប់​ព្រះរាជទាន​ដល់​សមណៈ និង​ព្រាហ្មណ៍​ ឲ្យ​សាបសូន្យ​ ទាំង​មិន​គួរ​ឃាត់​វត្ថុ​ណាមួយ​ចំពោះ​ពួក​ស្មូម​ក្នុង​កាល​ជាទី​ព្រះរាជទាន។ រាជសេវកៈ ជា​អ្នកមាន​ប្រាជ្ញា បរិបូណ៌​ដោយ​ឧបាយ ជា​អ្នក​ឆ្លៀវឆ្លាស​ក្នុង​វិធី​ចាត់ចែង​ ជា​អ្នកដឹង​កាល​ (ជាទី​ធ្វើបុណ្យ​) ដឹង​សម័យ (ប្រកបការងារ​) រាជសេវកៈ​នោះ​ ទើប​គួរ​នៅក្នុង​រាជត្រកូល។ រាជសេវកៈ ជា​អ្នកខ្នះខ្នែង​ មិន​ប្រមាទ​ ឈ្លាសវៃ ចាត់ចែង​ការងារ​ដ៏​ល្អ ក្នុង​ក្រសួងការងារ​ទាំងឡាយ ត្រូវ​មាន​សេចក្តី​ព្យាយាម​ចាត់ចែង​រាជកិច្ច​ឲ្យ​ប្រព្រឹត្តទៅ​ដោយ​ស្រួល​ រាជសេវកៈ​នោះ ទើប​គួរ​នៅក្នុង​រាជត្រកូល។
 [១៣៧​] រាជសេវកៈ​គួរ​ទៅ​ (ត្រួតត្រា​មើល​) លាន​ស្រូវ រោង​ចិញ្ចឹមសត្វ​ និង​ស្រែ​ចំការ​ (របស់​ព្រះរាជា​) ឲ្យ​រឿយ​ៗ គប្បី​ទុកដាក់​ស្រូវ​ដែល​វាល់​ហើយ​ផង ឲ្យ​គេ​ចំអិន​អង្ករ​ ដែល​វាល់​ហើយ​ក្នុង​ផ្ទះ​ផង។
ថយ | ទំព័រទី ៦៣ | បន្ទាប់
ID: 637344810358263691
ទៅកាន់ទំព័រ៖