ព្រះត្រៃបិដក ភាគ ៦៣
មិនត្រូវលើកតំកើងកូន ឬបងប្អូនរបស់ខ្លួន ដែលមិនតាំងនៅក្នុងសីលាចារវត្ត ព្រោះថាជនទាំងនោះ ជាមនុស្សពាល មិនឈ្មោះថាជាអវយវៈ (របស់ខ្លួន) ជនទាំងនោះ ទុកដូចជាមនុស្សស្លាប់ហើយ តែថាត្រូវឲ្យសំពត់ និងដុំបាយដល់ជនទាំងនោះ ដែលមកអង្គុយជិតហើយ គប្បីតំកល់ពួកបុរសជាទាសកម្មករ ដែលជាអ្នកខ្ជាប់ខ្ជួនល្អ ក្នុងសីលាចារវត្ត ជាអ្នកឈ្លាសវៃ បរិបូណ៌ដោយសេចក្តីឃ្មាតខ្មីក្នុងទីជាអធិបតី (ក្នុងការងារ)។
[១៣៨] រាជសេវកៈ ត្រូវមានសីល មិនលោភ ជាអ្នកប្រព្រឹត្តតាមព្រះរាជា ជាគុណដល់ព្រះរាជា ទាំងក្នុងទីចំពោះព្រះភក្រ្ត និងទីកំបាំងព្រះភក្រ្ត រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល។ រាជសេវកៈជាអ្នកស្គាល់បំណងរបស់ព្រះរាជានោះផង តាំងនៅដូចព្រះហ្ឫទ័យរបស់ព្រះរាជានោះផង ជាអ្នកមិនប្រព្រឹត្តទទឹងទាស់នឹងព្រះរាជានោះផង រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល។ រាជសេវកៈគប្បីឱនក្បាលលាងព្រះបាទ (របស់ព្រះរាជា) ក្នុងកាលជាទីទ្រង់ព្រះពស្ត្រ ឬក្នុងកាលជាទីស្រង់ព្រះគង្គា សូម្បីព្រះរាជាទ្រង់ខ្ញាល់ ក៏មិនគប្បីខឹងតបវិញទេ រាជសេវកៈនោះ ទើបគួរនៅក្នុងរាជត្រកូល។
ID: 637344810742504965
ទៅកាន់ទំព័រ៖