ព្រះត្រៃបិដក ភាគ ៦៣
ម្នាលបណ្ឌិត មានប្រាជ្ញាខ្ពង់ខ្ពស់ កាលបើដូច្នោះ អ្នកប្រាថ្នាទៅកាន់ស្រុករបស់សត្រូវដោយហេតុដូចម្តេច។
[១៦៧] (ព្រះមហាសត្វ…) ខ្ញុំប្រាកដជាដឹងហេតុនោះ ជនមានប្រាជ្ញាមិនគួរឃើញសត្រូវនោះទេ តែអំពើអាក្រក់ ខ្ញុំមិនបានធ្វើទុកក្នុងទីណាមួយ ព្រោះហេតុនោះខ្ញុំមិនរង្កៀសចំពោះសេចក្តីស្លាប់ដែលនឹងមកដល់ឡើយ។
[១៦៨] (បុណ្ណកយក្ស…) ម្នាលអ្នកជាអាមាត្យ បើដូច្នោះ អ្នកនឹងឃើញឋានដែលមានអានុភាពប្រៀបមិនបាន ជាមួយនឹងខ្ញុំ អ្នកចូរមកចុះ នាគរមែងនៅដោយការរាំ និងច្រៀងក្នុងទីណា ដូចជាព្រះបាទវេស្សវ័ណនៅក្នុងរាជធានី ឈ្មោះនិឡិញ្ញៈ។ ទីនោះមានពួកនៃនាងនាគកញ្ញា ត្រាច់ទៅដោយពួកៗលេងអស់ថ្ងៃ និងយប់ជានិច្ច ជាទីមានផ្កាកម្រងច្រើន ដេរដាសដោយផ្កាឈើច្រើនបែប ភ្លឺផ្លេកដូចផ្លេកបន្ទោរឰដ៏អាកាស។ ភពនៃនាគនោះ មានភាពសម្បូណ៌ដោយបាយ និងទឹក និងការរាំច្រៀងប្រគំ បរិបូណ៌ដោយពួកនាងនាគកញ្ញាដែលតាក់តែងខ្លួនដោយសំពត់ និងគ្រឿងប្រដាប់ល្អឆើតឆាយ។
ID: 637344823150291497
ទៅកាន់ទំព័រ៖