ព្រះត្រៃបិដក ភាគ ៦៣
[១៩៣] (ព្រះនាងវិមលា…) ខ្ញុំ និងស្វាមីទាំងពីរនាក់ ជាអ្នកមានសទ្ធា ជាម្ចាស់ទាន ផ្ទះរបស់ខ្ញុំដូចអណ្តូងជាទីចុះផឹកនៃ (មហាជន) ទាំងសមណព្រាហ្មណ៍ ខ្ញុំក៏បានឲ្យឆ្អែតស្កប់ស្កល់។ ខ្ញុំ (កាលនៅ) ក្នុងកាលចម្បានគរនោះ បានឲ្យទានដោយគោរព គឺឲ្យផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាប គ្រឿងប្រទីប ទីដេក ទីសំណាក់អាស្រ័យ សំពត់សម្រាប់ស្លៀកដណ្តប់ កម្រាលដេក បាយ និងទឹក។ នោះជាវត្ត នោះជាព្រហ្មចរិយៈរបស់ខ្ញុំ នែអ្នកប្រាជ្ញ ឯឫទ្ធិ សេចក្តីរុងរឿង កំឡាំងកាយ សេចក្តីព្យាយាម និងការកើត (ក្នុងភពនាគ) ទាំងវិមានធំរបស់ខ្ញុំនេះ នេះជាផលនៃកម្មដែលខ្ញុំសន្សំល្អហើយនោះ។
[១៩៤] (មហាសត្វ…) បើវិមាននេះ គឺព្រះនាងបានហើយយ៉ាងនេះ ឈ្មោះថា ព្រះនាងជ្រាបកំណើតនៃផលរបស់បុណ្យទាំងឡាយ ព្រោះហេតុនោះ ព្រះនាងកុំប្រហែស សូមប្រព្រឹត្តធម៌ ជាហេតុឲ្យបានគ្រប់គ្រងវិមាននេះតទៅ។
[១៩៥] (ព្រះនាងវិមលា…) នែបណ្ឌិត ជាអាមាត្យ ខ្ញុំគប្បីឲ្យបាយ និងទឹក ដល់ពួកសមណៈ និងព្រាហ្មណ៍ណា ពួកសមណៈ និងព្រាហ្មណ៍ (ទាំងនោះ) មិនមានក្នុងភពនាគនេះទេ
ID: 637344827369045724
ទៅកាន់ទំព័រ៖