ព្រះត្រៃបិដក ភាគ ៦៣
ក្នុងកាលមុន ខ្ញុំកើតជាមនុស្ស ប្រព្រឹត្តអាក្រក់ ឈ្មោះបិង្គលៈ ជាអ្នកសម្លាប់គោ។ ខ្ញុំបានធ្វើបាបដ៏ច្រើន ក្នុងក្រុងពារាណសី ជាក្រុងសម្បូរ ខ្ញុំបានសម្លាប់សត្វដ៏ច្រើន គឺក្របី ជ្រូក ពពែ។ លុះខ្ញុំច្យុតចាកអត្តភាពនោះ ក៏បានមកកើតក្នុងត្រកូលសេនាបតីដ៏ស្តុកស្តម្ភក្នុងទីនេះ ផលបាបរបស់ខ្ញុំមិនមានពិត បានជាខ្ញុំមិនទៅនរក។
[១៥] គ្រានោះ ក្នុងក្រុងមិថិលា មានបុគ្គលកំសត់ម្នាក់ ជាទាសៈឈ្មោះវីជកៈ រក្សាឧបោសថហើយ ចូលទៅកាន់សំណាក់នៃអចេលកៈឈ្មោះគុណៈ។ វីជកៈ លុះស្តាប់ពាក្យរបស់គុណៈ ជាកស្សបគោត្រ និងពាក្យដែលអលាតសេនាបតីពោលហើយ ក៏ដកដង្ហើមចេញដ៏ក្តៅរឿយៗ យំបង្ហូរទឹកភ្នែក។
[១៦] ព្រះបាទវិទេហៈ ទ្រង់ត្រាស់សួរវីជកៈនោះថា ម្នាលសំឡាញ់ អ្នកយំ តើដើម្បីអ្វី អ្នកបានឮ ឬបានឃើញអ្វី អ្នកដល់នូវទុក្ខវេទនាដូចម្តេច ចូរបា្រប់ឲ្យយើងដឹងផង។
[១៧] វីជកៈបានស្តាប់ព្រះបន្ទូលព្រះបាទវិទេហៈហើយ ក្រាបបង្គំទូលថា បពិត្រមហារាជ ទុក្ខវេទនារបស់ទូលព្រះបង្គំជាខ្ញុំមិនមានទេ សូមព្រះអង្គទ្រង់ព្រះសណ្តាប់ចុះ។ ទូលព្រះបង្គំជាខ្ញុំរលឹកឃើញនូវសេចក្តីសុខរបស់ទូលព្រះបង្គំជាខ្ញុំ ក្នុងជាតិមុន កាលដែលបានកើតជាភាវសេដ្ឋី ជាអ្នកត្រេកអរក្នុងគុណធម៌ក្នុងបូរីឈ្មោះសាកេត។
ID: 637344770579362639
ទៅកាន់ទំព័រ៖