ព្រះត្រៃបិដក ភាគ ៦៣
[២២០] (ពួកព្រាហ្មណ៍…) បពិត្រព្រះសម្មតិទេព ពួកទូលព្រះបង្គំសុំហត្ថិរតន៍ ដែលញុំាងដែននៃពួកអ្នកសិវិរាស្រ្តឲ្យចំរើន សូមព្រះអង្គទ្រង់ប្រទានដំរីដ៏ប្រសើរ ដែលមានភ្លុក ង ទន្ទាំ អាចញំាញីសត្រូវបាន។
[២២១] (ព្រះបាទវេស្សន្តរ…) ព្រាហ្មណ៍ទាំងឡាយ សុំដំរីណានឹងអញ ជាដំរីចុះប្រេង ជាកុញ្ជរជាតិ មានភ្លុកដ៏ល្អ ជាដំរីដ៏ប្រសើរ គួរជារាជពាហនៈ អញនឹងឲ្យ (ដំរីនោះ) អញមិនញាប់ញ័រទេ។
[២២២] (អភិសម្ពុទ្ធគាថា) ព្រះរាជាដែលជាអ្នកញុំាងពួកអ្នកសិវិរាស្រ្តឲ្យចំរើន ទ្រង់មានព្រះហ្ឫទ័យប្រាថា្នយ៉ាងលើសលុបក្នុងការបរិច្ចាគ ទ្រង់ចុះចាក ក នៃដំរី រួចទ្រង់ប្រទាន (ដំរី) ជាទានដល់ពួកព្រាហ្មណ៍។
[២២៣] កាលដែលព្រះរាជា ទ្រង់ប្រទានដំរីដ៏ប្រសើរ ផែនដីកំរើកញាប់ញ័រ ការកើតហេតុគួរខា្លច គួរព្រឺរោម ក៏មានក្នុងកាលនោះ។ កាលព្រះរាជាទ្រង់ប្រទានដំរីដ៏ប្រសើរ ការកើតហេតុគួរខា្លច គួរព្រឺរោម ក៏មានក្នុងកាលនោះ អ្នកនគរក៏ជ្រួលជ្រើមក្នុងកាលនោះ។ កាលព្រះរាជាទ្រង់ប្រទានដំរីដ៏ប្រសើរ ដែលជាដំរីញុំាងពួកអ្នកសិវិរាស្រ្តឲ្យចំរើន អ្នកបុរីក៏ជ្រួលច្របល់ ទាំងសំឡេងក៏គឹកកងរំពងខ្លាំង។
[២២៤] កាលព្រះរាជា ទ្រង់ប្រទាននូវដំរីដ៏ប្រសើរ គ្រានោះ សំឡេងយ៉ាងខ្លាំងពន្លឹក ជាសំឡេងគួរខ្លាច ក៏ប្រព្រឹត្តទៅក្នុងនគរនោះ ក្នុងកាលនោះ អ្នកនគរក៏ជ្រួលជ្រើម។
ID: 637344832968731375
ទៅកាន់ទំព័រ៖