ព្រះត្រៃបិដក ភាគ ៦៣
[៣៦៩] (អភិសម្ពុទ្ធគាថា) លំដាប់នោះ ក្នុងកាលដែលរាត្រីកន្លងទៅហើយ ព្រះអាទិត្យក៏រះឡើង សក្កទេវរាជមានភេទជាព្រាហ្មណ៍ ប្រាកដដល់ក្សត្រទាំងពីរនោះក្នុងពេលព្រឹក។
[៣៧០] (សក្កទេវរាជ…) ព្រះអង្គសុខសប្បាយទេឬ ព្រះអង្គមិនមានរោគាពាធទេឬ ព្រះអង្គញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅដោយការស្វែងរកស្រួលទេឬ មើមឈើ និងផ្លែឈើមានច្រើនដែរឬ។ ពួករបោម មូស និងពស់ មានតិចទេឬ ក្នុងព្រៃដ៏កុះករដោយម្រឹគយង់ឃ្នង មិនមានការបៀតបៀនទេឬ។
[៣៧១] (ព្រះមហាសត្វ…) ម្នាលព្រាហ្មណ៍ ពួកយើងសុខសប្បាយទេ ម្នាលព្រាហ្មណ៍ មិនមានរោគាពាធអ្វីទេ មួយទៀត យើងញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយការស្វែងរកស្រួលទេ មើមឈើ និងផ្លែឈើទាំងឡាយដ៏បរិបូណ៌ដែរទេ។ ទាំងពួករបោម មូស និងពស់ មានតិចទេ ក្នុងព្រៃដ៏កុះករដោយម្រឹគយង់ឃ្នង មិនមានការបៀតបៀនយើងទេ។ យើងនៅក្នុងព្រៃអស់ ៧ ខែ រស់នៅទាំងសំណោក ទើបឃើញព្រាហ្មណ៍ជាគំរប់ពីរនេះ មានភេទដ៏ប្រសើរ កាន់ឈើច្រត់មានពណ៌ដូចជាផ្លែព្នៅទុំ ទ្រទ្រង់ស្បែកខ្លាទាំងក្រចក។ នែមហាព្រាហ្មណ៍ អ្នកមកល្អហើយ មួយទៀត អ្នកមិនមែនមកអាក្រក់ទេ
ID: 637344896061075861
ទៅកាន់ទំព័រ៖