ព្រះត្រៃបិដក ភាគ ៦៣
បពិត្រសក្កៈ បុត្ររបស់ខ្ញុំកើតហើយ សូមឲ្យបុត្រនោះមានអាយុវែង សូមឲ្យបានត្រួតត្រាផែនដីដោយធម៌ ខ្ញុំសូមពរទី ៥ នេះ។ តអំពីនោះមក នាកាលរាត្រីកន្លងទៅ ព្រះអាទិត្យរះឡើង សូមចំណីជាទិព្វទាំងឡាយ មានប្រាកដ ខ្ញុំសូមពរទី ៦ នេះ។ កាលបើខ្ញុំកំពុងឲ្យ សូម (ទេយ្យធម៌) កុំបីអស់ទៅ លុះខ្ញុំឲ្យហើយ សូមកុំឲ្យក្តៅក្រហាយស្តាយក្រោយ ខ្ញុំកំពុងឲ្យ សូមឲ្យចិត្តជ្រះថ្លា ខ្ញុំសូមពរទី ៧ នេះ។ កាលបើខ្ញុំច្យុតចាកអត្តភាពនេះ សូមឲ្យបានទៅកាន់ឋានសួគ៌ ដល់នូវឋានដ៏វិសេស គឺកើតក្នុងតុសិតបុរី (កាលបើខ្ញុំច្យុតចាកតុសិតភពនោះមក) សូមកុំឲ្យកើត (ក្នុងភពថ្មីទៀត) ខ្ញុំសូមពរទី ៨ នេះ។
[៣៨១] (អភិសម្ពុទ្ធគាថា) ព្រះឥន្រ្ទជាធំជាងទេវតា បានទ្រង់ព្រះសណ្តាប់ព្រះបន្ទូលព្រះបាទវេស្សន្តរនោះហើយ ក៏ពោលពាក្យយ៉ាងនេះថា ព្រះបិតាបង្កើតរបស់ព្រះអង្គ មិនយូរទេ នឹងមកចួបព្រះអង្គ។ មឃទេវរាជ ជាប្តីនៃនាងសុជាតា លុះត្រាស់ព្រះតម្រាស់នេះហើយ ប្រទានពរដល់ព្រះបាទវេស្សន្តរហើយ ក៏ចៀសចេញទៅកាន់ពួកទេវតាក្នុងឋានសួគ៌។
ចប់ សក្កបព្វៈ។
[៣៨២] (ព្រះបាទសញ្ជ័យ…) មុខអ្នកណានោះ ភ្លឺដូចមាសដែលគេរំលាយដោយភ្លើង ឬដូចមាសឆ្តោរភ្លឺចិញ្ចែងចិញ្ចាចក្នុងមាត់បាវ។
ID: 637344898270131969
ទៅកាន់ទំព័រ៖