ព្រះត្រៃបិដក ភាគ ៦៣
[៤២៥] (ព្រះមហាសត្វ…) ព្រះអង្គ និងពួកអ្នកជនបទ អ្នកនិគម បានព្រមព្រៀងគ្នានិរទេសខ្ញុំព្រះអង្គ ដែលកំពុងសោយរាជ្យតាមធម៌ ចាកដែនហើយ។
[៤២៦] (ព្រះរាជា…) ម្នាលបុត្រ (នេះ) ពិតជាកំហុសរបស់យើង យើងបានធ្វើអំពើបំផ្លិចបំផ្លាញសេចក្តីចំរើន បាននិរទេសបា ដែលមិនមានកំហុស ព្រោះតាមពាក្យពួកអ្នកសិវិរាស្ត្រ។
[៤២៧] (កូន) គួរដោះទុក្ខរបស់បិតាមាតា ឬរបស់បងប្អូនស្រី ដោយហេតុណានីមួយ សូម្បីដោយជីវិតរបស់ខ្លួន។ (ពួកអាមាត្យបានពោលថា បពិត្រមហារាជ កាលនេះ ជាកាលគួរស្រង់ទឹក សូមទ្រង់ដុសជម្រះព្រះរជោជលៈ)។
[៤២៨] (អភិសម្ពុទ្ធគាថា) គ្រានោះ ព្រះបាទវេស្សន្តរ ក៏ដុសជម្រះក្អែល លុះដុសជម្រះក្អែលហើយ បានទ្រទ្រង់ព្រះពស្រ្តមានពណ៌ដូចស័ង្ខ។
[៤២៩] ព្រះបាទវេស្សន្តរ ទ្រង់កក់ព្រះសិរ្ស៍ មានព្រះពស្រ្តដ៏ស្អាត ស្អិតស្អាងដោយអាភរណៈគ្រប់យ៉ាង ទ្រង់សៀតព្រះខាន់ដែលដុតកំដៅសត្រូវ ហើយទ្រង់ឡើងគង់លើដំរីដ៏ប្រសើរ ឈ្មោះបច្ច័យ។ កាលនោះ ពួកទាហាន ៦០.០០០ នាក់ កើតក្នុងថ្ងៃជាមួយគ្នា គួររមិលមើល ញ៉ាំងព្រះរាជាជាធំក្នុងរថឲ្យរីករាយ ចោមរោម។
ID: 637344905405136449
ទៅកាន់ទំព័រ៖