ព្រះត្រៃបិដក ភាគ ៦៣
[៦៦] (នាងឥរន្ទតី…) នរណាទោះជាគន្ធព្វក្តី នរណាទោះជាអារក្សទឹក ឬជានាគក្តី នរណាទោះជាកិន្នរ ឬជាមនុស្សក្តី នរណាទោះជាបណ្ឌិត ដែលឲ្យសេចក្តីប្រាថ្នាទាំងពួងក្តី អ្នកនោះនឹងជាភស្តារបស់ខ្ញុំ អស់កាលមានរាត្រីដ៏វែង។
[៦៧] (បុណ្ណកយក្ស…) ម្នាលនាង មានភ្នែកគេតិះដៀលមិនបាន នាងចូរដកដង្ហើមស្រួល (ត្រេកអរ) ចុះ ខ្ញុំនឹងជាប្តីរបស់នាង នឹងជាភស្តារបស់នាង ដោយសារបញ្ញារបស់ខ្ញុំមានសភាពដូច្នោះ នាងចូរដកដង្ហើមស្រួលចុះ នាងនឹងជាភរិយារបស់ខ្ញុំ។
[៦៨] នាងឥរន្ទតី ក៏មានចិត្តកួចកាន់តាមគន្លងដែលធ្លាប់ជាប្តីក្នុងជាតិមុន បាននិយាយនឹងបុណ្ណកយក្សថា អ្នកចូរមក យើងនឹងនាំគ្នាទៅឯសំណាក់បិតាខ្ញុំ បិតានោះនឹងប្រាប់សេចក្តីនុ៎ះដល់អ្នក។
[៦៩] (អភិសម្ពុទ្ធគាថា) នាងឥរន្ទតី តាក់តែងខ្លួន ស្លៀកដណ្តប់ល្អ ទ្រង់កម្រងផ្កា ប្រោះព្រំដោយខ្លឹមចន្ទន៍ ចាប់ដៃបុណ្ណកយក្ស នាំចូលទៅកាន់សំណាក់បិតា។
[៧០] (បុណ្ណកយក្ស…) បពិត្រព្រះអង្គប្រសើរជាងពួកនាគ សូមព្រះអង្គទ្រង់ព្រះសណ្តាប់ពាក្យរបស់ខ្ញុំព្រះអង្គ សូមព្រះអង្គទ្រង់ទទួលសួយដ៏សមគួរ (ដល់ត្រកូល និងប្រទេសរបស់ព្រះអង្គ)
ID: 637344785190915894
ទៅកាន់ទំព័រ៖