ព្រះត្រៃបិដក ភាគ ៦៣
[១៣៩] ប៉ុនអម្បាលបុរសប្រាថ្នាសេចក្តីចំរើន គង់ធ្វើអញ្ជលីចំពោះក្អមទឹក ឬធ្វើបទក្សិណចំពោះបក្សីក្អែក បុគ្គលមិននមស្ការចំពោះព្រះរាជាជាបណ្ឌិតខ្ពង់ខ្ពស់ ព្រះអង្គប្រទានសេចក្តីប្រាថ្នាគ្រប់យ៉ាង ដូចម្តេចបាន ព្រោះព្រះអង្គប្រទានទីដេក សំពត់ យាន និងផ្ទះសំរាប់សំណាក់អាស្រ័យ ទ្រង់បង្អុរភោគសម្ប័ទ ដូចមេឃបង្អុរភ្លៀងដល់ពួកសត្ត។ ម្នាលកូនសំឡាញ់ទាំងឡាយ នេះជារាជវសតិធម៌ ដែលនរជនប្រព្រឹត្តតាម រមែងញ៉ាំងព្រះរាជាឲ្យប្រោសប្រាណ រមែងបានការបូជាអំពីចៅហ្វាយនាយទាំងឡាយ។
ចប់ រាជវសតីកណ្ឌ។
[១៤០] (អភិសម្ពុទ្ធគាថា) វិធុរបណ្ឌិតមានប្រាជ្ញាវាងវៃ ប្រៀនប្រដៅពួកញាតិយ៉ាងនេះហើយ ក៏ចូលទៅគាល់ព្រះរាជា ដោយមានពួកញាតិចោមរោម វិធុរបណ្ឌិតថ្វាយបង្គំព្រះបាទាដោយត្បូង ធ្វើប្រទក្សិណព្រះអង្គ ផ្គងអញ្ជលី ក្រាបបង្គំទូលព្រះរាជាថា បពិត្រព្រះអង្គជាអ្នកបង្រ្កាបសត្រូវ មាណពនេះ មានប្រាថ្នានឹងធ្វើតាមអធ្យាស្រ័យ នឹងនាំខ្ញុំព្រះអង្គទៅ ខ្ញុំព្រះអង្គនឹងនិយាយពាក្យជាប្រយោជន៍ដល់ពួកញាតិ សូមព្រះអង្គទ្រង់ព្រះសណ្តាប់នូវពាក្យនោះ។
ID: 637344811227448207
ទៅកាន់ទំព័រ៖