ព្រះត្រៃបិដក ភាគ ៦៣
អញមិនមែនមានកិច្ចតិចតួច ដោយជីវិតរបស់វិធុរបណ្ឌិតនេះ (ក្នុងភពនាគនោះទេ) អញនឹងសំឡាប់វិធុរបណ្ឌិតនេះ ហើយនាំយកតែដួងហ្ឫទ័យទៅ។
[១៥៣] មាណពកច្ចាយនគោត្រនោះ មានចិត្តប្រទូស្ត បានទៅក្នុងចន្លោះភ្នំនោះ ហើយចូលទៅខាងក្នុងភ្នំ ចាប់ព្រះមហាសត្វ យកក្បាលចុះក្រោម (គ្រវែងទៅ) ក្នុងប្រទេសនៃផែនដីដែលមិនមានអ្វីប៉ះពាល់ឡើយ។
[១៥៤] វិធុរបណ្ឌិតនោះ ជាអាមាត្យដ៏ប្រសើររបស់អ្នកដែនកុរុ កាលសំយុងចុះ ទៅក្នុងរណ្តៅជ្រោះ ជាទីមានភ័យដ៏ធំ គួរព្រួចព្រឺរោម ដែលលំបាកនឹងទៅក្រៃលែង តែមិនតក់ស្លុត ហើយពោលនឹងបុណ្ណកយក្សយ៉ាងនេះថា អ្នកជាមនុស្សមិនប្រសើរ តែធ្វើដូចជាប្រសើរ ជាអ្នកមិនសង្រួម តែមានអាការហាក់ដូចជាអ្នកសង្រួម អ្នកធ្វើអំពើអាក្រក់ឥតប្រយោជន៍ ចំណែកកុសលតិចតួច ឥតមានក្នុងចិត្តនៃអ្នកទេ។ អ្នកចង់ទំលាក់ខ្ញុំទៅក្នុងរណ្តៅជ្រោះ ដោយហេតុណា ប្រយោជន៍ដូចម្តេចដោយការសំឡាប់ខ្ញុំនឹងមានដល់អ្នក ដោយហេតុនោះ ក្នុងថ្ងៃនេះ អ្នកមានភេទដូចជាមិនមែនភេទនៃមនុស្សទេ ចូរអ្នកប្រាប់ខ្ញុំ អ្នកជាទេវតា ឬជាអ្វី។
ID: 637344817300603402
ទៅកាន់ទំព័រ៖