ព្រះត្រៃបិដក ភាគ ៦៤
បុគ្គលមានសភាពជាអ្នកល្ងង់ខ្លៅ មិនចេះដឹង មិនមែនឈ្មោះថា មុនិ ដោយការស្ងៀមទេ លុះតែបុគ្គលណា ជាបណ្ឌិតកាន់យកធម៌ដ៏ប្រសើរ ហើយវៀរបង់បាបទាំងឡាយ ដូចជាបុគ្គលអ្នកកាន់ជញ្ជីង បុគ្គលនោះ ឈ្មោះថា មុនិ ដោយហេតុនោះ បុគ្គលណាដឹងប្រយោជន៍ទាំងពីរក្នុងលោក បុគ្គលនោះឈ្មោះថា មុនិ បុគ្គលដែលលោកហៅថាមុនិ ដោយហេតុនោះ។
បុគ្គលណា ដឹងធម៌របស់ពួកអសប្បុរសផង ពួកសប្បុរសផង ខាងក្នុងផង ខាងក្រៅផង ក្នុងលោកទាំងអស់ ជាបុគ្គលដែលទេវតា និងមនុស្ស បូជាហើយ បានកន្លងបណ្តាញ គឺគ្រឿងចំពាក់ បុគ្គលនោះ ឈ្មោះថា មុនិ។
ពាក្យថា ការប្រឡាក់ បានដល់ការប្រឡាក់ ២ គឺ ការប្រឡាក់ គឺ តណ្ហា ១ ការប្រឡាក់គឺទិដ្ឋិ ១។បេ។ នេះឈ្មោះថា ការប្រឡាក់គឺតណ្ហា។បេ។ នេះឈ្មោះថា ការប្រឡាក់គឺទិដ្ឋិ។ មុនិលះបង់ការប្រឡាក់គឺតណ្ហា រលាស់ចោលការប្រឡាក់គឺទិដ្ឋិ មិនប្រឡាក់ មិនជាប់ មិនចូលទៅប្រឡាក់ក្នុងសេចក្តីហួងហែងទាំងឡាយ គឺជាអ្នកមិនប្រឡាក់ មិនជាប់ មិនចូលទៅប្រឡាក់ ឃ្លាតចេញ រលាស់ចេញ រួចស្រឡះ បា្រសចេញ សម្រេចដោយចិត្តដែលបា្រសចាកដែនគឺកិលេស ហេតុនោះ (ទ្រង់ត្រាស់ថា) មុនិ មិនប្រឡាក់ក្នុងសេចក្តីហួងហែងទាំងឡាយ។
ID: 637349324574967292
ទៅកាន់ទំព័រ៖