ព្រះត្រៃបិដក ភាគ ៦៤
ឋិតនៅស៊ប់ ជ្រុលជ្រប់ ចុះចិត្តស៊ប់ហើយ ដោយប្រការដូច្នោះ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលគប្បីកន្លងនូវទិដ្ឋិរបស់ខ្លួន ដោយប្រការដូចម្តេចបាន យ៉ាងនេះខ្លះ។ បុគ្គលណាមានវាទៈយ៉ាងនេះថា លោកទៀងទាត់ លោកមិនទៀងទាត់ លោកមានទីបំផុត លោកមិនមានទីបំផុត ជីវិតនោះ សរីរៈនោះ ជីវិតដទៃ សរីរៈដទៃ សត្វស្លាប់ទៅ រមែងកើតទៀត សត្វស្លាប់ទៅ រមែងមិនកើតទៀត សត្វស្លាប់ទៅកើតទៀតខ្លះ មិនកើតទៀតខ្លះ សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ការឃើញនេះឯង ជាការពិត ការឃើញដទៃ ជាមោឃៈ បុគ្គលនោះ គប្បីកន្លង ឈានកន្លង កន្លងផុត ប្រព្រឹត្តកន្លងនូវទិដ្ឋិរបស់ខ្លួន សេចក្តីគួររបស់ខ្លួន សេចក្តីពេញចិត្តរបស់ខ្លួន លទ្ធិរបស់ខ្លួន អធ្យាស្រ័យរបស់ខ្លួន សេចក្តីប៉ុនប៉ងរបស់ខ្លួន ដោយប្រការដូចម្តេចបាន។ ដំណើរនោះ តើព្រោះហេតុដូចម្តេច។ (ព្រោះថា) ទិដ្ឋិនោះ ដែលបុគ្គលនោះធ្វើឲ្យពេញលេញ សមាទាន កាន់យក ស្ទាបអង្អែល ឋិតនៅស៊ប់ ជ្រុលជ្រប់ ចុះចិត្តស៊ប់ហើយដូច្នោះ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលគប្បីកន្លងនូវទិដ្ឋិរបស់ខ្លួន ដោយប្រការដូចម្តេចបាន យ៉ាងនេះខ្លះ។
ID: 637349329598123203
ទៅកាន់ទំព័រ៖