ព្រះត្រៃបិដក ភាគ ៦៤
បុគ្គលវៀរកាម ដោយកិរិយាសង្កត់សង្កិនយ៉ាងនេះ។
បុគ្គលវៀរកាមដោយការផ្តាច់ផ្តិល តើដូចម្តេច។ បុគ្គលកាលចំរើនសោតាបត្តិមគ្គក្តី ឈ្មោះថា វៀរកាមដែលជាហេតុទៅកាន់អបាយ ដោយកិរិយាផ្តាច់ផ្តិល កាលចំរើនសកទាគាមិមគ្គក្តី ឈ្មោះថា វៀរកាមដ៏គ្រោតគ្រាត ដោយកិរិយាផ្តាច់ផ្តិល កាលចំរើនអនាគាមិមគ្គក្តី ឈ្មោះថា វៀរកាមដ៏លិ្អត ដោយកិរិយាផ្តាច់ផ្តិល កាលចំរើនអរហត្តមគ្គក្តី ឈ្មោះថា វៀរកាមដោយសព្វគ្រប់ គ្រប់ទាំងអស់ មិនមានសេសសល់ ឥតសេសសល់ ដោយកិរិយាផ្តាច់ផ្តិល។ បុគ្គលវៀរកាមដោយការផ្តាច់ផ្តិលយ៉ាងនេះ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលណាវៀរកាមទាំងឡាយ។
[១៣] ពាក្យថា ដូចបុគ្គលវៀរក្បាលពស់ដោយជើង អធិប្បាយថា អហិសត្វ លោកហៅថា ពស់។ ដែលហៅថា ពស់ ដោយសេចក្តីដូចម្តេច។ សត្វណាលូនទៅ ហេតុនោះ សត្វនោះឈ្មោះថា ពស់។ សត្វណាពត់ពេន ហេតុនោះ សត្វនោះឈ្មោះថា ភុជគៈ។ សត្វណាទៅដោយទ្រូង ហេតុនោះ សត្វនោះឈ្មោះថា ពស់។ សត្វណាមានក្បាលឱនរាប ហេតុនោះ សត្វនោះឈ្មោះថា ពស់។ សត្វណាលូនទៅដោយក្បាល ហេតុនោះ សត្វនោះឈ្មោះថា ពស់។
ID: 637349105117269610
ទៅកាន់ទំព័រ៖