ព្រះត្រៃបិដក ភាគ ៦៤

នុ៎ះ​ជា​ធម៌​របស់​​ពួក​ជន​មិនមែន​ជា​អរិយៈ​ នុ៎ះ​មិនមែន​ជា​ធម៌​របស់​ពួក​អរិយៈ​ នុ៎ះ​ជា​ធម៌​របស់​ពួក​ពាល​ នុ៎ះ​មិន​មែន​ធម៌​របស់​ពួក​បណ្ឌិត​ នុ៎ះ​ជា​ធម៌​របស់​ពួក​អសប្បុរស​ នុ៎ះ​មិនមែន​ជា​ធម៌​របស់​ពួក​សប្បុរស​ ​ពួក​ជន​អ្នក​ឈ្លាសវៃ​ បាន​ពោល​យ៉ាងនេះ​ហើយ​ សំដែង​យ៉ាងនេះ​ និយាយ​យ៉ាងនេះ​ បំភ្លឺ​យ៉ាងនេះ​ បញ្ចេញ​យ៉ាងនេះ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ជន​អ្នក​ឈ្លាសវៃ​ទាំងឡាយ​ បាន​ពោល​នូវ​ជន​នោះ​ថា​ ជា​អ្នក​មិន​មាន​អរិយធម៌។
 [៨៤​] ពាក្យ​ថា​ជន​ណា​ ពោល​អួតខ្លួន​ដោយខ្លួនឯង​ អធិប្បាយ​ថា​ អត្តា​ លោក​ពោល​ថា​ ខ្លួន។ ពាក្យ​ថា​ ពោល​អួត​ដោយខ្លួនឯង​ គឺ​បុគ្គល​ពោល​អួតខ្លួន​ដោយខ្លួនឯង​ គឺថា​ ពោល​អួត​ សំដែង​ និយាយ​ បំភ្លឺ​ បញ្ចេញ​ថា​ អាត្មាអញ​ជា​អ្នក​បរិបូណ៌​ដោយ​សីល​ក្តី​ ថា​បរិបូណ៌​ដោយ​វត្ត​ក្តី​ ថា​បរិបូណ៌​ដោយ​សីល និង​វត្ត​ក្តី​ ដោយ​ជាតិ​ក្តី​ ដោយ​គោត្រ​ក្តី​ ដោយ​ភាព​នៃ​ខ្លួន​ជា​កូន​អ្នកមាន​ត្រកូល​ក្តី​ ដោយ​ភាព​នៃ​ខ្លួន​មាន​សម្បុរ​ល្អ​ក្តី​ ដោយ​ទ្រព្យ​ក្តី​ ដោយ​ការរៀនសូត្រ​ក្តី​ ដោយ​ការងារ​ក្តី​ ដោយ​សិល្បៈ​ក្តី​ ដោយ​ថ្នាក់​នៃ​វិជ្ជា​ក្តី​ ដោយ​សុតៈ​ក្តី​ ដោយ​ការ​វាងវៃ​ក្តី​ ដោយ​វត្ថុ​ណាមួយ​ក្តី​ ថា​ជា​អ្នក​ (ចេញ​) អំពី​ត្រកូល​ខ្ពស់​ ហើយ​បួស​ក្តី​ ថា​ (ចេញ​) អំពី​ត្រកូល​ដ៏​ប្រសើរ​ហើយ​បួស​ក្តី​ ថា​ (ចេញ​) អំពី​ត្រកូល​មាន​ទ្រព្យ​ច្រើន ហើយ​បួស​ក្តី​ ថា​ (ចេញ​) អំពី​ត្រកូល​មានទ្រព្យ​លើសលុប ហើយ​បួស​ក្តី​ ថា​ជា​អ្នកមាន​យស​ល្បីល្បាញ​ជាង​គ្រហស្ថ​ និង​បព្វជិត​ទាំង​ឡាយ​ក្តី​
ថយ | ទំព័រទី ១២៨ | បន្ទាប់
ID: 637349333504882560
ទៅកាន់ទំព័រ៖