ព្រះត្រៃបិដក ភាគ ៦៤
សេចក្តីក្រវល់ក្រវាយទាំងពួង សេចក្តីក្តៅក្រហាយទាំងពួង សេចក្តីអន្ទះអន្ទែងទាំងពួង ការតាក់តែងអកុសលទាំងពួង ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុណា ជាអ្នកស្ងប់រម្ងាប់ផង អ្នកមានចិត្តរលត់ផង។
[៨៧] អធិប្បាយពាក្យថា អ្នកមិនអួតអាង ចំពោះសីលទាំងឡាយថា អាត្មាអញដូច្នេះ ត្រង់ពាក្យថា ដូច្នេះ គឺជាពាក្យតបទ ជាប់ជាមួយដោយបទ ជាពាក្យបំពេញបទ រួបរួមអក្ខរៈ ជាពាក្យសម្រួលព្យញ្ជនៈ ពាក្យថា ដូច្នេះនេះ ជាលំដាប់បទ។ ពាក្យថា មិនអួតអាង ចំពោះសីលទាំងឡាយ គឺបុគ្គលខ្លះក្នុងលោកនេះ ជាអ្នកពោលអួតអាង។ បុគ្គលនោះ រមែងពោលអួតអាងថា អាត្មាអញបរិបូណ៌ដោយសីលក្តី បរិបូណ៌ដោយវត្តក្តី បរិបូណ៌ដោយសីល និងវត្តក្តី ដោយជាតិក្តី ដោយគោត្រក្តី ដោយភាពនៃខ្លួនជាកូនអ្នកមានត្រកូលក្តី ដោយភាពនៃខ្លួនជាអ្នកមានសម្បុរល្អល្អះក្តី។បេ។ ពោលអួតអាងថា អាត្មាអញជាអ្នកបាននូវនេវសញ្ញានាសញ្ញាយតនសមាបត្តិក្តី។ បុគ្គលរមែងមិនពោល មិនអួតអាងយ៉ាងនេះ គឺជាអ្នកវៀរ ជៀសវាង គេចចេញ រលាស់ចេញ ដោះចេញ បា្រសចេញឆ្ងាយ ចាកការពោលអួត នៅដោយចិត្តបា្រសចាកសេចក្តីសល់វល់ ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកមិនអួតអាង ចំពោះសីលទាំងឡាយថា អាត្មាអញ ដូច្នេះ។
ID: 637349335452011661
ទៅកាន់ទំព័រ៖