ព្រះត្រៃបិដក ភាគ ៦៤
កិលេសដ៏ក្រាស់គឺមោហៈ កិលេសដ៏ក្រាស់គឺមានះ កិលេសដ៏ក្រាស់គឺទិដ្ឋិ កិលេសដ៏ក្រាស់គឺកិលេស កិលេសដ៏ក្រាស់គឺកម្ម។ កិលេសដ៏ក្រាស់ទាំងនេះ នៃព្រះខីណាស្រពនោះ មិនមាន ឥតមាន គ្មានសោះ មិនកើតមាន គឺលោកលះបង់ ផ្តាច់ផ្តិល រម្ងាប់ ស្ងប់រម្ងាប់ ធ្វើមិនឲ្យកើតទៀត ដុតដោយភ្លើងគឺញាណហើយ។ ពាក្យថា ណាមួយ គឺណាមួយ នីមួយ ណានីមួយ ខាងក្នុងក្តី ខាងក្រៅក្តី ទាំងខាងក្នុងខាងក្រៅក្តី។ ពាក្យថា ក្នុងលោក គឺក្នុងអបាយលោក មនុស្សលោក ទេវលោក ខន្ធលោក ធាតុលោក អាយតនលោក ហេតុនោះ (ទ្រង់ត្រាស់ថា) កិលេសដ៏ក្រាស់ណាមួយក្នុងលោក នៃភិក្ខុណាមិនមាន។ ហេតុនោះ ព្រះមានព្រះភាគ សំដែងថា
ភិក្ខុណាជាអ្នកស្ងប់រម្ងាប់ផង អ្នកមានចិត្តរលត់ផង អ្នកមិនអួតអាងចំពោះសីលទាំងឡាយថា អាត្មាអញ ដូច្នេះផង កិលេសដ៏ក្រាស់ណាមួយក្នុងលោក នៃភិក្ខុណា មិនមានផង ជនអ្នកឈ្លាសវៃទាំងឡាយ រមែងពោលនូវបុគ្គលនោះ ថាជាអ្នកមានអរិយធម៌។
[៩០] ធម៌ទាំងឡាយ ដែលបុគ្គលណាសម្រេចហើយ តាក់តែងហើយ ធ្វើឲ្យតាំងនៅក្នុងខាងមុខហើយ ជាធម៌មិនផូរផង់ បុគ្គលនោះឃើញនូវអានិសង្សណាក្នុងខ្លួន រមែងអាស្រ័យនូវអានិសង្សនោះ និងសេចក្តីស្ងប់ដែលអាស្រ័យនូវការកំរើក។
ID: 637349336440265568
ទៅកាន់ទំព័រ៖