ព្រះត្រៃបិដក ភាគ ៦៤
នេះ ឈ្មោះថា ការធ្វើតណ្ហាឲ្យតាំងនៅក្នុងខាងមុខ។បេ។ នេះឈ្មោះថា ការធ្វើទិដ្ឋិឲ្យតាំងនៅក្នុងខាងមុខ។ ការធ្វើតណ្ហាឲ្យតាំងនៅក្នុងខាងមុខ ដែលបុគ្គលនោះមិនទាន់លះបង់ហើយ ការធ្វើទិដ្ឋិឲ្យតាំងនៅក្នុងខាងមុខ ដែលបុគ្គលនោះមិនទាន់រលាស់ចេញហើយ បុគ្គលនោះ ធ្វើតណ្ហា ឬទិដ្ឋិឲ្យតាំងនៅអំពីមុខ ហើយប្រព្រឹត្ត មានតណ្ហាដូចជាទង់ជ័យ មានតណ្ហាដូចជាទង់ មានតណ្ហាជាធំ មានទិដ្ឋិដូចជាទង់ជ័យ មានទិដ្ឋិដូចជាទង់ មានទិដ្ឋិជាធំ ត្រូវតណ្ហា ឬទិដ្ឋិរួបរឹតហើយ ប្រព្រឹត្តទៅ ព្រោះហេតុនៃការធ្វើតណ្ហា ឲ្យតាំងនៅក្នុងខាងមុខ ដែលខ្លួនមិនទាន់លះបង់ ព្រោះហេតុនៃការធ្វើទិដ្ឋិឲ្យតាំងនៅក្នុងខាងមុខ ដែលខ្លួនមិនទាន់រលាស់ចេញ ហេតុនោះ (ទ្រង់ត្រាស់ថា) ធ្វើឲ្យតាំងនៅក្នុងខាងមុខហើយ។ ពាក្យថា រមែងមាន គឺមាន មានគ្រប់គ្រាន់ កើតមាន។ ពាក្យថា មិនផូរផង់ គឺមិនផូរផង់ មិនថ្លាស្អាត មិនបរិសុទ្ធ ជាធម៌សៅហ្មង ប្រកបដោយសេចក្តីសៅហ្មង ហេតុនោះ (ទ្រង់ត្រាស់ថា) ធ្វើឲ្យតាំងនៅក្នុងខាងមុខហើយ ជាធម៌មិនផូរផង់។
[៩៣] អធិប្បាយពាក្យថា បុគ្គលនោះ ឃើញនូវអានិសង្សណា ក្នុងខ្លួន ត្រង់ពាក្យថា អានិសង្សណាក្នុងខ្លួន គឺអានិសង្សណាចំពោះខ្លួន។ ទិដ្ឋិ លោកហៅថា ខ្លួន។ បុគ្គលរមែងឃើញអានិសង្ស ២ យ៉ាង នៃទិដ្ឋិរបស់ខ្លួន គឺអានិសង្សក្នុងបច្ចុប្បន្ន ១ អានិសង្សក្នុងបរលោក ១។
ID: 637349337321943097
ទៅកាន់ទំព័រ៖