ព្រះត្រៃបិដក ភាគ ៦៤
បុគ្គលឃើញ មើល គន់គិត ពិនិត្យ ពិចារណា នូវអានិសង្សនៃទិដ្ឋិរបស់ខ្លួនពីរនេះ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលនោះ ឃើញនូវអានិសង្សណាក្នុងខ្លួន។
[៩៤] ពាក្យថា រមែងអាស្រ័យនូវអានិសង្សនោះ និងសេចក្តីស្ងប់ដែលអាស្រ័យនូវការកំរើក អធិប្បាយថា សេចក្តីស្ងប់ ៣ យ៉ាង គឺអច្ចន្តសន្តិ (ស្ងប់ដោយដាច់ខាត) តទង្គសន្តិ (ស្ងប់ដោយអង្គឈាននោះ) សម្មតិសន្តិ (ស្ងប់ដោយសេចក្តីសន្មតិ)។
អច្ចន្តសន្តិ តើដូចម្តេច។ អមតនិព្វាន លោកហៅថា អច្ចន្តសន្តិ បានខាងការរម្ងាប់សង្ខារទាំងពួង ការលះលែងឧបធិទាំងពួង ការអស់តណ្ហា ការបា្រសចាករាគៈ ការរលត់និព្វាននេះ ឈ្មោះថា អច្ចន្តសន្តិ។
តទង្គសន្តិ តើដូចម្តេច។ នីវរណៈរបស់បុគ្គលចូលបឋមជ្ឈាន រមែងស្ងប់រម្ងាប់។ វិតក្កៈ និងវិចារៈរបស់បុគ្គលចូលទុតិយជ្ឈាន រមែងស្ងប់រម្ងាប់។ បីតិរបស់បុគ្គលចូលតតិយជ្ឈាន រមែងស្ងប់រម្ងាប់ សុខ និងទុក្ខរបស់បុគ្គលចូលចតុត្ថជ្ឈាន រមែងស្ងប់រម្ងាប់។ រូបសញ្ញា បដិឃសញ្ញា នានត្តសញ្ញារបស់បុគ្គលចូលអាកាសានញ្ចាយតនៈ រមែងស្ងប់រម្ងាប់។
ID: 637349338317385515
ទៅកាន់ទំព័រ៖