ព្រះត្រៃបិដក ភាគ ៦៤
អាកាសានញ្ចាយតនសញ្ញារបស់បុគ្គលចូលវិញ្ញាណញ្ចាយតនៈ រមែងស្ងប់រម្ងាប់។ វិញ្ញាណញ្ចាយតនសញ្ញារបស់បុគ្គលចូលអាកិញ្ចញ្ញាយតនៈ រមែងស្ងប់រម្ងាប់។ អាកិញ្ចញ្ញាយតនសញ្ញារបស់បុគ្គលចូលនេវសញ្ញានាសញ្ញាយតនៈ រមែងស្ងប់រម្ងាប់។ នេះឈ្មោះ ថា តទង្គសន្តិ។
សម្មតិសន្តិ តើដូចម្តេច។ សេចក្តីស្ងប់រម្ងាប់ដោយអំណាចទិដ្ឋិ គឺ ទិដ្ឋិ ៦២ លោកហៅថា សម្មតិសន្តិ។ មួយទៀត សេចក្តីស្ងប់ដែលលោកអធិប្បាយទុកក្នុងទីនេះ ក៏ឈ្មោះ ថា សម្មតិសន្តិ។
ពាក្យថា រមែងអាស្រ័យនូវអានិសង្សនោះ និងសេចក្តីស្ងប់អាស្រ័យនូវការកំរើកបានសេចក្តីថា បុគ្គលអាស្រ័យ ជាប់ចំពាក់ អែបនែប លិចចុះ ជឿស៊ប់នូវសេចក្តីស្ងប់ នៅកំរើក សេចក្តីស្ងប់នៅកំរើកខ្លាំង សេចក្តីស្ងប់នៅញាប់ញ័រ សេចក្តីស្ងប់នៅញាប់ញ័រខ្លាំង សេចក្តីស្ងប់នៅរំភើប សេចក្តីស្ងប់នៅបៀតបៀន សេចក្តីស្ងប់ដែលគេចាត់ចែង សេចក្តីស្ងប់ដែលគេចាត់ចែងដោយវិសេស សេចក្តីស្ងប់ជាសភាពមិនទៀង ដែលបច្ច័យតាក់តែង អាស្រ័យគ្នាកើតឡើង មានកិរិយាអស់ទៅជាធម្មតា សូន្យទៅជាធម្មតា ប្រាសទៅជាធម្មតា រលត់ជាធម្មតា ហេតុនោះ (ទ្រង់ត្រាស់ថា) រមែងអាស្រ័យនូវអានិសង្សនោះ និងសេចក្តីស្ងប់អាស្រ័យនូវការកំរើក។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
ID: 637349338830421215
ទៅកាន់ទំព័រ៖